វីរុសកូវីដ១៩បម្លែងខ្លួនថ្មី ត្រូវរកឃើញនៅលើពលរដ្ឋខ្មែរ៧នាក់
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា គេបានរកឃើញមេរោគកូវីដ១៩បម្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅលើពលករខ្មែរចំនួន៧នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ។
ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ មាន ១នាក់ ជាស្រ្តីអាយុ ២៦ឆ្នាំ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាពលករមកពីខេត្តឈុនបូរី ប្រទេសថៃ បានត្រឡប់ចូលកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី៧ មិថុនា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត។
នៅខេត្តឧត្តរមានជ័យ មានចំនួន ២នាក់ ម្នាក់ជាបុរសអាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកចិត្របូរី ខេត្តក្រចេះ ជាកម្មករសំណង់នៅក្រុងមួយនៅក្រុងថេប ហើយបានចូលមកកម្ពុជាតាមច្រកអូរស្មាច់ នៅថ្ងៃទី៨ មិថុនា ។ ម្នាក់ទៀតជាបុរសអាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ជាកម្មករសំណង់នៅក្រុមហ៊ុននៅក្រុងថេប បានចូលមកកម្ពុជាកាលពីថ្ងៃទី៦ មិថុនា តាមច្រកអូរស្មាច់។ បច្ចុប្បន្នពួកគេបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
នៅខេត្តសៀមរាប មានចំនួន ២នាក់ ជាស្រ្តីអាយុ ៤០ឆ្នាំ រស់នៅស្រុកក្រឡាញ់ បានវិលត្រឡប់មកពីខេត្តឈុនបូរី ប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែមិថុនា និងស្រ្តីម្នាក់ទៀត អាយុ៣១ឆ្នាំ នៅស្រុកក្រឡាញ់ ជាពលករនៅទីក្រុងបាងកក បានវិលចូលមកកម្ពុជាកាលពីថ្ងៃទី៦ មិថុនា តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្នពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
នៅខេត្តកំពង់ចាម មាន ១នាក់ រស់នៅស្រុកកំពង់សៀម ជាកម្មករសំណង់នៅក្រុងថេប បានចូលមកកម្ពុជាតាមច្រកអូរស្មាច់ នៅថ្ងៃទី៥ ខែមិថុនា។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
នៅខេត្តកំពត មាន ១នាក់ ជាស្រ្តីអាយុ១៩ឆ្នាំ រស់នៅក្រុងកំពត បានត្រឡប់មកពីខេត្តឈុនបូរី ឆ្លងចូលមកកម្ពុជានៅថ្ងៃទី៨ មិថុនា តាមច្រកព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។