ប្រធានសមាគមគ្រូគង្វាល គ្រោងនឹងដាក់ពាក្យប្តឹងអ្នកឃុបឃិតលួចលក់ដីកប់ខ្មោច
ប្រធានសមាគមគ្រូគង្វាលខេត្តសៀមរាប គ្រោងនឹងដាក់ពាក្យបណ្ដឹង ទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ បន្ទាប់ពីដីផ្នូរខ្មោចមួយកន្លែង ត្រូវបានគេឈូសឆាយ ធ្វើជាដីឡូតិ៍សម្រាប់លក់។
លោក ប្រាក់ វុទ្ធី ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាល បានថ្លែងថា លោកនឹងប្តឹងទៅតុលាការចំពោះអ្នកឃុបឃិតគ្នាឈូសឆាយដីផ្នូរខ្មោច យកពុះធ្វើជាដីឡូតិ៍សម្រាប់លក់ ដែលដីនេះ មានទំហំ៥០ម៉ែត្រ គុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីសកម្ពុជា បានប្រគល់ដីនេះ ឲ្យសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ដូច្នេះចំពោះបុគ្គល ដែលឃុបឃិតគ្នា រំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះឡូតិ៍លក់ ត្រូវតែទទួលទោសតាមផ្លូវច្បាប់។ លោក ប្រាក់វុទ្ធី បានបន្តថា ក្នុងរយៈកាលនេះ ខាងលោកមិនបានដឹងថា មានជនឃុបឃិតទៅឈូសឆាយផ្នូរខ្មោច ដើម្បីយកដីពុះចែកគ្នាលក់អញ្ចឹងទេ តែបើមានអញ្ចឹងមែន លោកនឹងរៀបចំ ដើម្បីដាក់ពាក្យប្តឹង ជនដែលជាប់ពាក់ព័ន្ធទៅតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីខាងលើនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា លោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ឃន់ សុខន ថៅកែដីឡូតិ៍ខាងលើទើបដឹងច្បាស់។
លោក ឃន់ សុខន ថៅកែដីឡូតិ៍ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានថ្លែងថា មុននឹងលោកពុះដីឡូតិ៍នេះ លោកបានរត់ច្បាប់ត្រឹមត្រូវអស់ហើយ រង់ចាំតែខាងលោក ចាន់ ឆ្វៀល គ្រូគង្វាលចាស់ គាស់សពចេញតែប៉ុណ្ណោះ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរស័ព្ទថា រាល់ការឈូសឆាយ ពុះជាដីឡូតិ៍ ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ មិនអញ្ចឹងទេ គឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនឹងសមាគម គឺខាងសមាគមអាចមកដាក់ ពាក្យបណ្ដឹងនៅសាលាក្រុងបាន។
លោកអភិបាលក្រុងបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញ ថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់ឡើយ។
យ៉ាងណាមិញ លោក ប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហរ របស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹង ព្រមទាំងធ្វើសន្និសីទកាសែត នៅលើដីផ្នូរខ្មោចតែម្តង ដើម្បីដឹងថា មានបុគ្គលណាខ្លះជាប់ពាក់ព័ន្ធហើយចេញមកតតាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។