អាជ្ញាធរខេត្តសៀមរាបប្រកាសថា ត្រឹមឆ្នាំ២០១៩ខាងមុខ ទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែកាប ខ្សែភ្លើងនៅលើអាកាសបន្តទៀតទេ
ក្នុងគោលបំណងធ្វើឱ្យសោភណភាពក្រុងស្អាត និងកាត់បន្ថយបាននូវហានិភ័យផ្សេងៗ អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមចុះកាត់ខ្សែកាប ខ្សែអ៊ីនធឺណែត ដែលបំពាក់នៅលើបង្គោលភ្លើងលើអាកាសចោល ដោយឲ្យមកប្រើប្រព័ន្ធខ្សែអ៊ុបទិចនៅក្រោមដីវិញ។ ហើយបើតាមផែនការរបស់អាជ្ញាធរខេត្ត គឺនៅត្រឹមឆ្នាំ២០១៩ខាងមុខ នៅក្នុងទីប្រជុំជនក្រុងសៀមរាបនឹងគ្មានខ្សែកាប ខ្សែអ៊ីនធឺណែត និងខ្សែភ្លើងនៅលើអាកាសបន្តទៀតឡើយ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងថា ការរៀបចំឲ្យខ្សែភ្លើង ខ្សែកាប ខ្សែអ៊ីនធឺណេត មកនៅក្នុងវិញនេះ គឺក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសោភណភាពក្រុង ក៏ដូចជាកាត់បន្ថយបាននូវហានិភ័យផ្សេងៗ។ ទន្ទឹមនេះ ក្រៅពីកាត់ខ្សែកាប ខ្សែអ៊ីនធឺណែតនេះ អាជ្ញាធរខេត្ត ក៏បាននិងកំពុងតែរៀបចំសណ្ឋាប់ធ្នាប់ រៀបចំសួនច្បារ និងស្ថាបនាផ្លូវនៅក្នុងក្រុងឱ្យបានស្អាត ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃ។
សម្រាប់ការចុះកាត់ខ្សែភ្លើង ខ្សែកាប នេះ បើតាមលោក ប្រាកដ ថា មុននឹងអាជ្ញាធរខេត្តមានវិធានការកាត់ខ្សែកាប ខ្សែអ៊ីនធឺណែត ដែលបំពាក់នៅលើបង្គោលភ្លើងលើអាកាសទម្លាក់ចោលនេះ គឺអាជ្ញាធរខេត្តបានជូនដំណឹង និងជួបប្រជុំជាមួយបណ្តាក្រុមហ៊ុនពាក់ព័ន្ធជាច្រើនដងហើយ ដោយទុកពេលឱ្យក្រុមហ៊ុនធ្វើការរុះរើ និងកាត់ដោយខ្លួនឯង។ ប៉ុន្តែរហូតមកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួនបានរុះរើខ្លួនឯងហើយ និងមានមួយចំនួនទៀតមិនបានធ្វើ ដូច្នេះនៅថ្ងៃនេះ អាជ្ញាធរសម្រេចចុះកាត់ចោលព្រោះបានទុកពេលវេលាឱ្យយូរហើយ។
លោកអភិបាលរងខេត្ដបានបន្តថា សម្រាប់វិធានការថ្ងៃដំបូងនេះ គឺកាត់នៅតាមបណ្តោយផ្លូវលោកតាណឺយ ហើយនៅពេលធ្វើនៅផ្លូវនេះរួចរាល់ និងបន្តទៅតាមបណ្តាផ្លូវផ្សេងៗទៀត គឺធ្វើយ៉ាងណាឱ្យនៅត្រឹមឆ្នាំ២០១៩នៅក្នុងទីប្រជុំជនក្រុងសៀមរាបនិងគ្មានខ្សែកាប ខ្សែអ៊ីន ធឺណែត និងខ្សែភ្លើងនៅលើអាកាសបន្តទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។