សាច់មាន់ គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះខូចគុណភាពជិត ២តោន នាំចូលពីបរទេស ត្រូវសមត្ថកិច្ចដុតកំទេចចោល
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ចុងសប្តាហ៍នេះ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុកកំរៀង បានចុះត្រួតពិនិត្យ សាច់មាន់-ស្លាបមាន់ , សាច់ជ្រូក , គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ សរុបចំនួន ១,៩០០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសតាមព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣.០០នាទីយប់។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖ ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។
ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចចម្រុះបានធ្វើការដុតកំទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។