អភិបាលខេត្តព្រះសីហនុទទួល​អំណោយ​មនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ២.០០០ ដុល្លារអាមេរិក
២.លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៣.លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក
៤.លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល
៥.មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សាលាក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៩.៣២០.០០០ រៀល
៦.ខេមបូឌាន អេសអេសអ៉ីហ្សិត ជេឌី លីង ឡូនីស្ទីក ឯ.ក និងសាខាកាកបាទក្រហមខេត្តជាំងស៊ូ និងក្រុងវ៉ូស៊ី ឧបត្ថម្ភម៉ាស់ចំនួន ១០០ កេស ស្មើនឹង ២០០.០០០សន្លឹកនិង អាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥.០០០អាវ
៧.មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល។

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហន មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close