មួយសប្តាហ៍ខាងមុខនេះ កម្ពុជា​នឹង​ទទួលរងឥទ្ធិពលចំនួន២ ក្រសួងស្នើ​ឲ្យ​ប្រយ័ត្ន​ចំពោះបាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹង​នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១នេះ​ថា ក្នុង​រយៈ​ពេល​មួយសប្តាហ៍​ខាងមុខ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប នៃប្រទេស​ចិន និង​ខ្យល់​មូសុងនិរតី ក្នុង​ល្បឿន​បង្គួរ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល អាចមានភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅមធ្យម, ទន្ទឹម​នោះ​ផ្នែក​មួយ​ចំនួន នៃបណ្តា​ខេត្ត​ភាគ​ខាងក្រោម​អាច​មាន​ភ្លៀង​ធ្លាក់ច្រើន។

បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​មាន​ភ្លៀង​ធ្លាក់​ក្នុងកម្រិត​ពីខ្សោយ​ទៅមធ្យម ហើយ​សម្រាប់​តំបន់មាត់សមុទ្រវិញ អាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិច​ទៅបង្គួរ។

ជាមួយ​គ្នានេះដែរ ក្រសួងក៏​បានស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតភ្លៀង ផ្គររន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើតមាន ជាពិសេស​នៅ​តំបន់​វាល​ទំនាប​កណ្តាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close