មនុស្ស​១២​នាក់​ស្លាប់ ​ដោយសារ​ខ្យល់ព្យុះ​ត្រូ​ពិ​កនៅ​អាមេរិក​

​ខ្យល់ព្យុះ​ត្រូ​ពិ​ក​ឈ្មោះ ក្ល​ដ​ដេ​ត (Claudette) បាន​ផ្ដាច់ជីវិត​មនុស្ស ១២​នាក់​នៅក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា (Alabama) ខណៈ​វា​បាន​បោកបក់​ឆ្លងកាត់​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក និង​បាន​បង្ក​ឱ្យ​កើតមាន​ព្យុះ​កួច​កំណាច​ថូ​ណា​ដូ (Torndoes) និង​គ្រោះទឹកជំនន់​ផងដែរ ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​រាប់សិប​ខ្នង​។​

​ខ្យល់ព្យុះ​កួច​ដ៏​កំណាច Torndoes ដែល​ត្រូវបាន​បង្កឡើង នៅក្នុង​កំឡុងពេល​កើតមាន​ខ្យល់ព្យុះ​ត្រូ​ពិ​ក Claudette បានធ្វើឱ្យ​មនុស្ស ១០​នាក់​ស្លាប់ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ (​ពេលវេលា​នៅ​អាមេរិក​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ​នៅ​ចម្ងាយ​ប្រហែល ៥៥​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ទីក្រុង ម៉ុ​ន​ហ្គោ​ម៉ឺ​រី (Montgomery) រដ្ឋ Alabama ខណៈ​មនុស្ស​ជាច្រើន​ទៀត ក៏បាន​រងរបួស​ផងដែរ​។​

​បើតាម​អ្នកធ្វើ​កោសល​វិ​ច្ច័​យ​នៅ​តំបន់ បា​ត្លឺ ខោ​ន​ធី (Butler County) បាន​គូសបញ្ជាក់ថា យានជំនិះ​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ទំនងជា​ត្រូវបាន​ព្យុះ​កួច នាំ​ឲ្យ​រអិល​ចង្កូត​នៅលើ​ផ្លូវ​សើម​។ ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ក្មេង​ចំនួន ០៩​នាក់ អាយុ​ចន្លោះ​ពី ០៩​ខែ​ទៅ ១៧​ឆ្នាំ និង​បុរស​ម្នាក់​ដែល​អាយុ ២៩​ឆ្នាំ​។ ដោយឡែក​មនុស្ស ០២​នាក់​ទៀត​ដែល​រស់នៅ​ទីក្រុង ទូ​ស្កា​លូ​សា (Tuscaloosa) រដ្ឋ Alabama ក៏បាន​ស្លាប់​ផងដែរ ដោយសារ​ដើមឈើ​រលំ​សង្កត់ ដោយ​ពួកគេ​ជា​បុរស​អាយុ ២៤​ឆ្នាំ​ម្នាក់ និង​ក្មេងប្រុស​អាយុ ០៣​ឆ្នាំ​ម្នាក់​។​

​គួរ​បញ្ជាក់ថា ករណី​ស្លាប់​នេះ​បាន​កើតឡើង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Alabama និង​រដ្ឋ ចរ​ចៀ (Georgia) កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ទឹកភ្លៀង​ប្រហែល ៣០​សង់ទីម៉ែត្រ ត្រូវបាន​គេ​រាយការណ៍​នៅតាម​បណ្តោយ​ឈូង​សមុទ្រ​រដ្ឋ មី​ស៊ី​ស៊ី​ពពី (Mississippi)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close