ហ្វីលីពីន នឹងដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ-១៩
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូទើតេ បានព្រមានថា នឹងដាក់គុកអ្នកដែលបដិសេដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលប្រទេសខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី ។
លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា អ្នកជ្រើសរើសទៅ… រវាងវ៉ាក់សាំង ឬអោយខ្ញុំដាក់គុក ។ លោកបាននិយាយបែបនេះ ក្រោយមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល ។ លោកបន្ថែមថា កុំធ្វើឲ្យខ្ញុំខុសឲ្យសោះ… មានវិបត្តិនៅក្នុងប្រទេសនេះ… ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាល ប៉ុណ្ណោះ ។ ការលើកឡើងរបស់លោក ឌូទើតេ គឺផ្ទុយពីការបញ្ជាក់របស់មន្ត្រីសុខាភិបាលហ្វីលីពីន ដែលថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ តែវាជាការស្ម័គ្រចិត្ត ។
គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន២.១លាននាក់ ដែលនេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំ២០២១នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។