ស្ថាបនិកសមាគមសពគ្រីស្ទាន សុំឲ្យអាជ្ញាធរជួយទប់ស្កាត់ការធ្វើលិខិតទិញលក់ដីផ្នូរខ្មោច
លោក ប្រាក់ វុទ្ធី ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាលប្រចាំខេត្តសៀមរាប នៅថ្ងៃនេះ បានធ្វើសន្និសីទកាសែត ដោយស្នើសុំដល់អាជ្ញាធរជួយធ្វើការទប់ស្កាត់ការធ្វើលិខិតទិញលក់ដីកប់ខ្មោចរបស់គ្រីស្ទាន មានទីតាំងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយពីមានការឃុបឃិតគ្នាជាមួយឈ្មួញយកដីនោះមកពុះឡូតិ៍លក់។
លោក វុទ្ធី បានថ្លែងថា ដីផ្នូរនោះ មានទំហុំ ៥០ គុណនឹង១០០ម៉ែត្រ ត្រូវបានគេឃុបឃិតគ្នាលក់ទិញ ក្នុងតម្លៃជាង១០ម៉ឺនដុល្លារ។
លោកថា ដីនេះកាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីស កម្ពុជា បានប្រគល់ឲ្យសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ហើយបន្តគ្រប់គ្រងមកទល់បច្ចុប្បន្ន ។ តែថ្មីៗនេះមានបុគ្គលមួយក្រុមតូចឃុបឃិតគ្នាទិញលក់ដីនេះពុះជាដីឡូត៍ ហើយពេលនេះ លោកក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងហើយដែរ។
លោក ប្រាក់ វុទ្ធី បញ្ជាក់ថា ពេលនេះលោកកំពុងដំណើរការបណ្តឹងទៅថ្នាក់ក្រុងនិងខេត្ត ដើម្បីរំលាយការទិញលក់ហើយរក្សាដីនេះឲ្យសមាគមគ្រប់គ្រងកប់សពគ្រីស្ទានវិញ, តែក្នុងពេលកំពុងដំណើរការ បណ្តឹង ក្រុមជនឃុបឃិតបន្តឈូសឆាយនិងបោះបង្គោល ហេតុដូច្នេះហើយទើបរូបលោកទទូចសុំអោយអាជ្ញាធរជួយទប់ស្កាត់សកម្មភាពនេះ។
ចំពោះករណីនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះ ទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញថា ដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប ដូច្នេះសាលាក្រុងមិនអនុញាតិច្បាប់ចំពោះដីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។