មន្រ្តីសុខាភិបាលទទូចឲ្យប្រជាពលរដ្ឋកុំចាញ់បោកលើឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩
លោកវេជ្ជបណ្ឌិតស៊ឹង រឹទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ថ្មីៗនេះ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចែកចាយ លក់ផលិតផល និងធ្វើតេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលដែលបញ្ហានេះអាចនាំឲ្យ ប្រជាពលរដ្ឋមានការយល់ច្រឡំ ឈានដល់ការបញ្ជាទិញ ដើម្បីធ្វើតេស្ដដោយខ្លួនឯងបន្ទាប់ពីពួកគាត់បានចាក់វ៉ាក់សាំងរួចហើយនោះ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា ចំពោះផលិតផលទាំងនេះក្រសួងសុខាភិបាលមិនទាន់មានការអនុញ្ញាតឲ្យដាក់លក់លើទីផ្សារនៅឡើយទេ ដោយលោកបញ្ជាក់ថារាល់ទំនិញវេជ្ជសាស្ត្រដែលអាចចរាចរលើទីផ្សារបានទល់តែ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងស្ថាប័នជំនាញ ដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយលោកវេជ្ជបណ្ឌិត ស៊ឹង រឹទ្ធីរ៉េត ក៏ទទូចឲ្យប្រជាពលរដ្ឋកុំឲ្យមានការចាញ់បោកពីជនខិលខូចដែលនាំឲ្យមានការខាតបង់ប្រាក់កាស និងភាពត្រឹមត្រូវនៃលទ្ធផលផងដែរ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមិថុនានេះ ក៏បានចេញនូវសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលបង្កឲ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងចាក់វ៉ាក់សាំង កូវីដ-១៩ នៅទូទាំងប្រទេស និងសំណូមពរឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ បញ្ឈប់ជឿលើការឃោសនាកុហកបោកប្រាស់ ភូតភរ ទាំងនោះដោយត្រូវបញ្ឈប់ជាបន្ទាន់នូវរការធ្វើតេស្ដរហ័សរកអង់ទីក័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលដែលកំពុងផ្សព្វផ្សាយលក់ដោយគណនីបណ្ដាញសង្គមនានាផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។