ថៃ៖ ទោះនៅមានអ្នកឆ្លងជាង៤ពាន់នាក់ ក្នុងមួយថ្ងៃ តែរដ្ឋាភិបាលនឹងបើកទ្វារសេដ្ឋ រស់នៅយូអង្វែងជាមួយកូវីដ១៩
រដ្ឋាភិបាលថៃ នឹងធ្វើការសាកល្បងបើកទ្វារសេដ្ឋកិច្ច ទេសចរណ៍ នៅបន់មួយចំនួន ក្នុងនោះមានភូកេត សម្រាប់អ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចរាល់។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,០៥៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២១ករណីប៉ុណ្ណោះ ជាករណីនាំចូល។
មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,៩៦៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៧៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ២,០៤៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ សរុបនៅទូទាំងប្រទេស ២២៥,៣៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៦៩៣នាក់ និងអ្នកជាសះស្បើយ ១៨៧,៨៣៦នាក់។
កន្លងមកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា នឹងមានឧបសគ្គជាច្រើនពីការសម្រេចបើកទ្វារប្រទេសជាតិ ក្នុងពេលមានករណីឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់បើទោះបីមានវិមានការតឹងតែងទប់ស្កាត់កូវីដ-១៩ក្តី។
រដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងរៀនរស់ជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល១២០ថ្ងៃ គឺនៅក្នុងខែតុលាខាងមុខ ។ វិធានការរឹតត្បិតទៅលើវិស័យអាជីវកម្ម និងទេសចរណ៍ត្រូវបានលុបចោលវិញ។ អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់អាចនឹងធ្វើដំណើរកម្សាន្តបានដោយសេរីនៅក្នុងប្រទេសថៃ។
មេដឹកនាំថៃបានលើកឡើងថា នឹងមានការប្រឈមមុខជាច្រើនដែលបើកទ្វារសេដ្ឋកិច្ចឲ្យពលរដ្ឋរស់នៅជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ យើងមិនអាចរង់ចាំរហូតដល់ពលរដ្ឋគ្រប់រូបចាក់វ៉ាក់សាំងគ្រប់ពីរដូសទើបអាចបើកទ្វារសេដ្ឋកិច្ចជាតិបាននោះទេ ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ដល់ពេលដែលត្រូវទទួលយកការប្រឈមមុខនឹងឧបសគ្គ ដើម្បីរស់នៅជាមួយកូវីដ -១៩ ។ នៅចំពោះមុខ រដ្ឋាភិបាលថៃនឹងសាកល្បងបើកទ្វារវិស័យទេសចរណ៍នៅភូកេតចាប់ពីថ្ងៃទី១ខែកក្កដា ដើម្បីស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ ប៉ុន្តែអ្នកទេសចរគឺត្រូវតែនៅភូកេតរយៈពេល១៤ថ្ងៃ ទើបអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសថៃបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។