អាមេរិក ព្រម​លុប​ទណ្ឌកម្ម​ដល់​ប្រទេស​អ៊ីរ៉ង់​ហើយ​ឬ​?

​សារព័ត៌មាន The Arab News នៅ​យប់​ថ្ងៃ​ពុធ ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​បាន​ដកស្រង់​សំដី មន្ត្រី​អ៊ីរ៉ង់​និយាយថា សហរដ្ឋអាមេរិក​បាន​យល់ព្រម​ដក​ទណ្ឌកម្ម​ប្រេង និង​ការដឹកជញ្ជូន​ទាំងអស់​ចេញពី​ប្រទេស​អ៊ីរ៉ង់ ក៏ដូចជា​ការ​លុប​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួន​ចេញពី​បញ្ជីខ្មៅ ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ របស់​ទីក្រុង​តេ​ហេ​រ៉ង់​ជាមួយ​ប្រទេស​មហាអំណាច ដែល​ឥឡូវនេះ​ត្រូវបាន​ផ្អាក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​ដកស្រង់​សម្តី​លោក Mahmoud Vaezi ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ីរ៉ង់​ថា «​កិច្ចព្រមព្រៀង​ត្រូវបាន​ឈានដល់​ការដក​ទណ្ឌកម្ម​ធានារ៉ាប់រង​ប្រេង និង​ដឹកជញ្ជូន​ទាំងអស់​ដែល​ដាក់​ដោយ (​អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​)»​។​

​លោក Vaezi បាន​សង្កត់ធ្ងន់ថា «​យោងតាម​កិច្ចព្រមព្រៀង​នេះ​ការដាក់ទណ្ឌកម្ម​នៅ​សម័យ​រដ្ឋ​បាន ត្រាំ ប្រហែល ១,០៤០​ទណ្ឌកម្ម​នឹងត្រូវ​ដកចេញ​។ វា​ក៏​ត្រូវបាន​ព្រមព្រៀង​ដក​ទណ្ឌកម្ម​មួយចំនួន​លើ​បុគ្គល និង​សមាជិក​នៃ​រង្វង់​ខាងក្នុង នៃ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា នៅក្រោម​ក​ចិ្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ អ៊ីរ៉ង់​យល់ព្រម​រឹតត្បិត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​អន្តរជាតិ​។ បី​ឆ្នាំ​ក្រោយមក​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បោះបង់ចោល​កិច្ចព្រមព្រៀង និង​ដាក់ទណ្ឌកម្ម​ឡើងវិញ ខណៈ​ទីក្រុង​តេ​រ៉ង់​បាន​ឆ្លើយតប​ដោយ​រំលោភ​លើ​ការ​រឹតត្បិត​នុយក្លេអ៊ែរ​មួយចំនួន​។​

​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន មាន​គោលបំណង​ស្តារ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់​យល់ស្រប​លើ​ជំហាន​ណាមួយ ហើយ​នៅពេលណា​នៅឡើយ​ទេ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close