មុខ​របរចិញ្ចឹមគោ ជា​ជម្រើស​ល្អប្រសើរ​សម្រាប់​សហគម​ន៍​តំបន់ការពារធម្មជាតិ​

​តាមរយៈ​ក្រសួងបរិស្ថាន បាន​បង្ហាញថា បង ឌឹ​ម គឹ​អោន ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​«​ត្មាត​ប៉ើយ​» ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ បាន​ប្រាប់ថា ចំណូល​របស់​សមាជិក​សហគមន៍​ខ្ញុំ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ តាមរយៈ​ការចិញ្ចឹម​គោ ដែល​ក្នុងនោះ មួយ​គ្រួសារ​អាច​រកចំណូលបាន ៨-១០ លាន​រៀល​ក្នុង​មួយឆ្នាំ​។

​បង​គឹ​អោន បន្ថែមថា មុខ​របរចិញ្ចឹមគោ​នេះ បាន​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​មុខរបរ​ចាស់ ដែល​ពួកយើង​ភាគច្រើន នាំគ្នា​ចូល​ព្រៃ​បរបាញ់ និង​ដាក់​អន្ទាក់​សត្វ កាប់​ឈើ ។​ល​។ ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​គ្រួសារ​។​

​សហគមន៍​តំបន់ការពារធម្មជាតិ «​ត្មាត​ប៉ើយ​» ស្ថិតនៅ​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​សមាជិក​សរុប ៣៧៥ គ្រួសារ ដែល​ក្នុងនោះ​មានគ្រួសារ ៣៩% ចិញ្ចឹម​គោ​សរុប​ចំនួន​១៣១៤​ក្បាល ឬ​ជា​មធ្យម​៩​ក្បាល ក្នុង​មួយ​គ្រួសារ ដែលជា​ពូជគោខ្មែរ​។ ដោយសារ​មាន​ស្មៅ​គ្រប់គ្រាន់​តាម​ព្រៃ​ល្បោះ និង​ទីវាល​ក្នុង​តំបន់​សហគមន៍ ធ្វើឱ្យ​ការចិញ្ចឹម​គោ​មាន​លក្ខណៈ​ងាយស្រួល និង​ទទួលបាន​ផលចំណេញ​ច្រើន ដែល​ទាក់ទាញ​សមាជិក​ចាប់ផ្តើម​មុខរបរ​នេះ​។​

​បង គឹ​អោន លើកឡើងថា ពួកគាត់​មិនមាន​បញ្ហា​ទីផ្សារ​សម្រាប់​គោ​ដែល​ពួកគាត់​ចិញ្ចឹម​បានទេ ហើយ​មាន​ឈ្មួញ​ជាច្រើន​ដែល​មក​សួរនាំ​រក​ទិញ​គោ សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close