តារា​សម្តែង អេ​ដ​វីន ត្រូវបញ្ជូន​ចូល​ពន្ធនាគារ​ព្រៃ​ស​សម្រេច ទោះបីជា​អ្នកនាង សុទ្ធ បញ្ច​កា ព្យាយាម​ដក​ពាក្យបណ្តឹង​វិញ​ក៏ដោយ​!

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ លោក អេ​ដ​វីន មានឈ្មោះ​ពិត យិ​ត មាស​ឧស្សាហ៍ អាយុ​២៦​ឆ្នាំ ដែលជា​តារា សម្តែង​មួយរូប ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់ ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​៖ ៤៤៣៥ “​ញ​”​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ដែរថា លោក អេ​ដ​វីន ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១៤​និង​១៥​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ភាគី​នារី​រងគ្រោះ​ជា​អតីត​សង្សារ គឺ​អ្នកនាង សុទ្ធ បញ្ច​កា ពាក់ព័ន្ធ​ករណី អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ បង្ក​ឲ្យ​មាន​របួសស្នាម ជាច្រើន​កន្លែង និង​បំផ្លិចបំផ្លាញ​នូវ​ទ្រព្យសម្បត្តិ ក្នុង​លំនៅដ្ឋាន​ជនរងគ្រោះ ស្នាក់នៅ ដែល​លំនៅដ្ឋាន​នេះ គឺជា​កម្មសិទ្ធិ​របស់​ម្តាយបង្កើត​ជនរងគ្រោះ​។​

​តាម​ពាក្យបណ្តឹង​របស់ អ្នកនាង សុទ្ធ បញ្ច​កា បាន​រៀបរាប់ថា នៅ​ឆ្នាំ​២០១៤ ខ្លួន​បាន​រៀន​ចប់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​។ នៅ​ឆ្នាំ​២០១៥ ខ្លួន​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់ រហូត​បានកូន​ស្រី​០២​នាក់​។ ដោយ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា នៅ​ឆ្នាំ​២០១៨ ខ្លួន​បាន​លែងលះ​ជាមួយ​ប្តី ដោយ​ចែក​កូនស្រី​ម្នា​ក់មួយ​។ នៅ​ឆ្នាំ​២០១៩ ខ្លួន​បានចាប់ផ្តើម​ស្គាល់ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ហើយ​ក៏បាន​ស្រឡាញ់គ្នា និង រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ ដោយ​ស្នាក់​នៅផ្ទះ​របស់ អេ​ដ​វីន​។ ក្នុងអំឡុងពេល​រស់នៅ​ជាមួយគ្នា ពួកខ្លួន​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ពេលខ្លះ អេ​ដ​វីន បាន​ប្រើ​អំពើហិង្សា​វាយដំ​មកលើ​ខ្លួន បណ្តាល​ឲ្យ​មាន​ស្នាក​ស្នាម​ពេញ​ខ្លួន​ផងដែរ បើ​សរុបមក​ដល់ពេលនេះ​គឺ​ចំនួន ៧​ដង​មកហើយ​។ នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ រូប​ខ្លួន និង អេ​ដ​វីន បាន​ចែកផ្លូវ​គ្នា និង​លែង​រស់នៅ​ជាមួយគ្នា​ជា​បន្តទៀត​។

​ក្រោយ​បែក​គ្នា​បាន ០៣​ថ្ងៃ អេ​ដ​វីន បាន​បង្ហោះ​សារ​ជា​អក្សរ​តាម​បណ្តាញ​សង្គម ថា​ខ្លួន​មាន​សា​ហាយ​ជាមួយ​អ្នកផ្សេង និង​មានការ​ជេរប្រមាថ​មក​លើ​រូប​ខ្លួន តែ​ខ្លួន​ឃើញ​ដូច្នោះ​ក៏​មិន​តបត​ដែរ​។ ក្រោយមក​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ខ្លួន​បាន​ចូលទៅ​ស្នាក់​នៅផ្ទះ​ម្តាយបង្កើត ក្នុង​បុរី​ឈូក​វ៉ា​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ០៤​និង​១០​នាទី​ទាបភ្លឺ ខ្លួន​បាន​វិលត្រឡប់​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ និង​បាន​ពឹង​មិត្ត​ម្នាក់​ឈ្មោះ រតនា ជួយ​ជូន​ខ្លួន​មក​ផ្ទះ ពេលនោះ​ខ្លួន​ស្រវឹង​ខ្លាំងពេក ក៏បាន​ចូលដេក​ក្នុង​បន្ទប់ លុះ​មួយសន្ទុះ​ក្រោយមក​ខ្លួន​ក៏​ភ្ញាក់ឡើង ឃើញ​មិត្ត​ខ្លួន​ឈ្មោះ រតនា កំពុងតែ​វាយ​គ្នា ជាមួយ អេ​ដ​វីន ហើយ អេ​ដ​វីន បាន​អុកឡុក​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ អស់​ជាច្រើន​។

​ដោយមាន​ការ​ភ័យ​ស្លន់ស្លោរ មិនដឹង​ធ្វើ​យ៉ាងម៉េច ខ្លួន​ក៏បាន​បើកឡាន​ចេញពី​ផ្ទះមួយ​ជុំ ក៏​ត្រឡប់មកវិញ ឃើញ​ពួកគេ​ទាំង​២​នាក់ ឈប់​វាយ​គ្នា ខ្លួន​ក៏​ហៅ អេ​ដ​វីន ឲ្យ​ចូល​ក្នុងផ្ទះ ស្រាប់តែ​អេ​ដ​វីន ទះ​ខ្លួន​ចំនួន ៣​ដៃ ហើយ​ច្រាន​ខ្លួន ដួល​ទៅលើ​ឥដ្ឋការ៉ូ និង​ដកយក​ខ្សែក្រវ៉ាត់​របស់គាត់ មក​វាយ​លើ​រូប​ខ្លួន​ជាច្រើន​ខ្សែក្រវ៉ាត់ ត្រូវចំ​ក្បាល ចំ​ដៃ ចំ​ខ្លួន ចំ​ជើង ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចុកចាប់​ជាខ្លាំង​។ ពេល​វាយ​មកលើ​ខ្លួន​រួចហើយ អេ​ដ​វីន បាន​ចាប់បង្ខំ​ឲ្យ​ខ្លួន​រួមភេទ រហូត​បានសម្រេច ទាំង​ខ្លួន​កំពុងមាន​ស្នាមរបួស​ពេញ​ខ្លួន បន្ទាប់មក​ចាប់​បោចសក់​ខ្លួន អូស​ចុះ​ពី​កាំជណ្តើ​ដាក់​លើ​ម៉ូតូ ដឹក​ទៅផ្ទះ​ម្តាយ​ខ្លួន​មួយទៀត នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដើម្បី​ឲ្យ​អ្នកផ្ទះ​ខ្លួន​បានដឹង​។​

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ អ្នកនាង សុទ្ធ បញ្ច​កា បាន​ចូល​ដាក់ពាក្យ​បណ្តឹង នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្តឹង​លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ថា​បានធ្វើ​សកម្មភាព​ហិង្សា មកលើ​ខ្លួនប្រាណ​របស់​អ្នកនាង បណ្តាល​មាន​របួសស្នាម​ធ្ងន់ធ្ងរ ថែមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ខូចខាត​អស់​មួយចំនួន​។​

​នៅ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ លោក យិ​ត មាស​ឧស្សាហ៍ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស ធ្វើការ​ឃាត់ខ្លួន ហើយ​ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ អ្នកនាង សុទ្ធ បញ្ច​កា ក៏បាន​ប្តូរ​ចិត្ត​សុំ​ដក​ពាក្យបណ្តឹង ឈប់​ប្តឹង លោក អេ​ដ​វីន ដោយ​មិន​ទាមទារ​សំណង​អ្វី​ទាំងអស់​។ ព្រមជាមួយ​គ្នា​នោះ ដោយ លោក អេ​ដ​វីន នៅជាប់​បណ្តឹង របស់ ម្តាយបង្កើត​អ្នកនាង សុទ្ធ បញ្ច​កា ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បណ្តឹង​របស់ ឈ្មោះ ហ៊ាង រតនា ពីបទ​បង្ក​របួសស្នាម ផង​នោះ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​។

​ទោះបីជា​យ៉ាងនេះ​ក្តី អ្នកនាង សុទ្ធ បញ្ច​កា ក៏​មិនបាន​បញ្ឈប់​នូវ​បំណង​ដក​ពាក្យ បណ្តឹង​វិញ​នោះដែរ ដោយ​អ្នកនាង​បាន​ព្យាយាម ស្នើសុំ​ដក​ពាក្យបណ្តឹង​ម្តង​ហើយ​ម្តងទៀត នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​ ​តែ​នៅ​ទីបំផុត លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន នៅតែ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ឱ្យ​ស្ថិត ក្រោម​ការពិនិត្យ ពីបទ អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​និតិ​សង្វាស​ជន និង​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា និង​សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៖ ៤៤៣៥ “​ញ​”​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close