ដាំ​អាកាស្សា ជួយ​បង្កើន​ចំណូល និង​គម្រប​ព្រៃឈើ នៅ​កម្ពុជា​

ទន្ទឹមនឹង​ការ​រឹតបន្តឹង​ជាស​កល​លើ​ការនាំចេញ​និង​ប្រើប្រាស់​ឈើ​ពី​ព្រៃ​ធម្មជាតិ តម្រូវការ​នៃ​ការប្រើប្រាស់​ឈើ​ដាំ ដូចជា​អាកាស្សា ម៉ៃសាក់ អង្កាញ់ ។​ល​។ សម្រាប់​ផលិត​គ្រឿង​សង្ហា​រឹម មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ផលប្រយោជន៍​នៃ​ការដាំ​អាកាស្សា មាន​ច្រើន ដូចជា​ការបង្កើន​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន និង​ការបង្កើន​គម្រប​ព្រៃឈើ​។ ការចូលរួម​ដាំ​ស្តា​បង្កើន​ព្រៃឈើ ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។​

​តាម​បទពិសោធន៍​ថ្មីៗ របស់​ក្រុមហ៊ុន​ខាម​អាក្រា ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ យើង​គួរ​ដាំ​អាកាស្សា​ចំនួន ១១១០​ដើម​ក្នុង​មួយ​ហិកតា ដែល​ផ្តល់​ឈើមូល​ស្តង់ដា​ទីផ្សារ​ចំនួន ៧៥​ម៉ែត​គូប និង​ឈើ​ប្រភេទ​អុស​ចំនួន ៦៥ ម៉ែត្រគូប ក្នុង​រយៈពេល ៥​ឆ្នាំ​។ តាម​តម្លៃ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ការដាំ​អាកាស្សា​ដែល​ទុក​ឱ្យមាន​អាយុ ៥​ឆ្នាំ អាច​ផ្តល់​ប្រាក់ចំណូល ៦៧៨០ ដុល្លា​ក្នុង​មួយ​ហិកតា​។ ជាទូទៅ​នៅតាម​សហគមន៍​មូលដ្ឋាន មាន​ដីព្រៃ​រេចរឹល​ប្រមាណ ៣០-៥០%​នៃ​ផ្ទៃដី​សរុប​។
​
ក្រសួង​បាន​អនុញ្ញាតឱ្យ​ប្រជា​សហគមន៍​អាស្រ័យ​ផល​លើ​ផ្ទៃដី​រដ្ឋ​ក្នុង​ទំហំ​មួយ​សមស្រប ដែល​ផ្ទៃដី​នេះ ពួកគាត់​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក្នុង​ដាំ​អាកាស្សា​ដើម្បី​រក​ចំណូល​ដល់​សហគមន៍ និង​ដើម្បី​អភិរក្ស​ជីវ​:​ចម្រុះ​។ តាម​កិច្ច​ផ្តួចផ្តើម​នេះ សហគមន៍​តា​សាល​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អ៊ីស្រាអែល​ដាំ​ដើម​ម៉ៃសាក់ លើ​ផ្ទៃដី ៣៥០​ហិកតា និង​ក្រុមហ៊ុន​មួយទៀត​នឹង​ដាំ​អាកាស្សា​លើ​ផ្ទៃដី ៨៥០​ហិកតា​។

​បន្ថែម​លើ​នេះ ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់​កូន​អាកាស្សា​ចំនួន ១​លាន​ដើម ក្នុង​ឆ្នាំ​២០២១ ដល់​ឃុំ​ចំនួន ៨ ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង និង​ទីកន្លែង​ផ្សេងទៀត ដែលជា​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​ការងារ​នេះ​។​

​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត និង​ជំរុញ​ការដាំ​ឈើ​នៅលើ​ដី​រេចរឹល​របស់​សហគម​ន៍​មូលដ្ឋាន នៅក្នុង​ផ្ទៃដី​តំបន់ការពារធម្មជាតិ ក៏ដូចជា​តំបន់​ដទៃទៀត ដើម្បី​ស្តា​គម្រប​ព្រៃ​ផង និង​បង្កើន​ប្រភព​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close