ក្រមាវែងជាងគេនៅលើពិភពលោក ត្រូវយកទៅតម្កល់នៅសារមន្ទីរជាតិ
ក្រមាខ្មែរ ដែលទើបនឹងបំបែកឯតទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក ត្រូវបានយកទៅតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញកាលពីថ្ងៃទី១៩ សីហារ ម្សិលមិញ ដើម្បីឲ្យភ្ញៀវជាតិ-អន្ដរជាតិ បានទស្សនា។
ពិធីដាក់តម្ដល់នេះ រៀបចំធ្វើឡើងក្រោមអធិបតីលោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការ Guinness World Records បានប្រកាសទទួលស្គាល់ក្រមាវែងជាងគេក្នុងពិភពលោករបស់កម្ពុជា ដែលមានប្រវែង ១១៤៩ម៉ែត្រ។ តំណាង Guinness បានប្រគល់វិញ្ញាបនបត្រឯតទគ្គកម្មពិភពលោក ជូនដល់ លោក សាន វឌ្ឍនា ប្រធានចលនា GoGo Cambodia ដែលបានបង្កើតនូវកម្មវិធីត្បាញក្រមាវែងជាងគេបំផុតនេះ។
ក្រមាវែងជាងគេលើពិភពលោកនេះ មានការចូលរួមត្បាញពីមនុស្សចំនួន ២២៣១៥នាក់ ដែលមានអាយុចាប់ពី៤ឆ្នាំ ដល់៨៨ឆ្នាំ មកពី២៥រាជធានីខេត្តនៃប្រទេសកម្ពុជា និង៥៧ប្រទេស ដោយចាប់ផ្តើមត្បាញពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។