អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ៤៩​នាក់ មាន​៣២​នាក់ មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ក្រុងសៀមរាប

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៤៩​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦២​នាក់ និង​ស្លាប់​ចំនួន​១​នាក់ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៩​នាក់ មាន​៣២​នាក់ គឺមាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ស្ថិតក្នុង​ក្រុង​សៀមរាប​។ សម្រាប់​អ្នកជា​សះស្បើយ​ទាំង​៦២​នាក់ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​ដោយឡែក​ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​នាក់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤៖១៥​នាទី និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤៖២០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧៥១​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​២៦៧​នាក់ ស្លាប់​៩​នាក់ និង​៤៧៥​នាក់ កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close