យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស ស្រាថ្នាំ មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល នៅ​កន្លែង​ផលិត និង​កន្លែង​លក់​ទូទាំងប្រទេស​

​បន្ទាប់ពី​ថ្មីៗ​នេះ មាន​ហេតុ​ការពុល​ស្រា​បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន មានដូចជា​ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិសាត់ និង​ខេត្តព្រៃវែង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ចែកចាយ​ស្រាស ស្រាថ្នាំ ដែលមាន​សារធាតុពុល បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ទទួលបាន​ការណែនាំ​នេះ ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានដាក់​ចេញ​នូវ​យុទ្ធនា​ការឱ្យ​មន្ត្រី​នៅតាម​បណ្តា​សាខា ក​.​ប​.​ប​. រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រាស ស្រាថ្នាំ នៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រាស ស្រាថ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​.​។​

​ជាក់ស្តែង ក្នុង​ខែមិថុនា​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅតាម​បណ្តា​រាជធានី ខេត្ត​ចំនួន ១៧ បាន​ចុះ​យក​គំរូ​ស្រាស ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចំនួន ១៧៨​គំរូ​។ យោង​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​បាន​បង្ហាញថា សំណាក​គំរូ​ស្រា​ទាំង ១៧៨ គំរូ ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។

​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការចុះ​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង និង​យក​សំណាក​គំរូ​ស្រាស និង​ស្រាថ្នាំ ឱ្យបាន​គ្រប់​រាជធានី ខេត្ត ពិសេស​តំបន់​ដាច់ស្រយាល មក​វិភាគ​រក​សារធាតុ​បង្ក​គ្រោះ ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា មិនឱ្យ​កើតឡើង​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close