អាល់កុលក្លែងក្លាយជាង ៧០០០លីត្រ ត្រូវបានចុះបង្ក្រាប នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់ចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្ត្រីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាម ៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល
– ផលិតផលចំនួន ១០៤កាន ស្មើនឹង ៣ ១២០លីត្រ មានល្បាយសារធាតុមេតាណុល
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម។
វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុំព័ន្ធ ឃ្លុំបេ និងបិទសៀលជាបណ្តោះអាសន្ននៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។