បាញ់ប្រហារ​ទៅលើ​ស្ថានទូត​អាមេរិក​នៅ​តួ​ក​គី

ខ្មាន់កាំភ្លើង​បាន​ជិះ​រថយន្ត រួច​បាញ់​ជាច្រើន​គ្រាប់​ចូលទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​អែន​កា​រ៉ា​ប្រទេស​តួ​ក​គី ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ឬ​រងរបួស​នោះឡើយ​។ ជន​ដស​ដល់ បាន​គេចខ្លួនបាត់​តាម​រថយន្ត​ពណ៌​ស ។ ការបាញ់ប្រហារ​ខាងលើ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ២០​ខែសីហា ។​

​ប៉ូលិស​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ការបាញ់ប្រហារ​ខាងលើ​កើតឡើង នៅវេលា​ម៉ោង ៥​ព្រឹក​ថ្ងៃទី ២០​ខែសីហា ។​ការបាញ់ប្រហារ​នោះ​បណ្តាល​ឲ្យ កញ្ជក់ ទ្វា​មួយចំនួន​បែកបាក់​ផងដែរ​។ សំបក​គ្រប់​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​កន្លែងកើតហេតុ​។​

ស្ថានទូត​អាមេរិក​គ្រោង​នឹង​បិទទ្វា នៅក្នុង​សប្តាហ៍​នេះ ទៅតាម​ប្រក្រតីទិន​ឈប់សម្រាក់ រួម​នៅក្នុង​ពិធី បុណ្យ Eid Al Adha របស់​ជនជាតិ​អិស្លាម ។ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​អែន​កា​រ៉ា និង​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង អិ​ស្តា​ន​ប៊ូល គឺជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ខ្មាន់កាំភ្លើង​។​

​ការបាញ់ប្រហារ​ខាងលើ​កើតឡើង ក្នុងពេលដែល ទំនាក់ទំនង​រវាង​អាមេរិក​និង​តួ​ក​គី​ប្រឈមមុខ​តានតឹង​ដាក់គ្នា ក្នុង​វិស័យ​ពាណិជ្ជកម្ម តម្លើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក ។ ការប្រឈមមុខ​ដាក់គ្នា​បានធ្វើ​ឲ្យ​ប្រាក់​តួ​ក​គី​ធ្លាក់ចុះ​យ៉ាងខ្លាំង ។​

​ក្នុង​ពេលនេះ​ពលរដ្ឋ​តួ​ក​គី បាននាំគ្នា​បំផុះបំផុល​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ផលិតផល​របស់​អាមេរិក ក្នុងនោះ​មាន​ទូរស័ព្ទដៃ Iphone ជាដើម ។ មិនតែប៉ុណ្ណោះ ពលរដ្ឋ ជាច្រើន​បាន​វាយកម្ទេច​ទូរស័ព្ទ​ចោល​ទៀតផង​៕​

ប្រែសម្រួល៖ សុធី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close