អាមេរិក៖ អគារខុនដូ១២ជាន់បាក់ស្រុតមនុស្ស ជិត១០០នាក់បាត់ខ្លួន

អភិបាលរដ្ឋហ្ល័ររីដាបានប្រកាសថា អគារកម្ពស់១២ជាន់បានបាក់ស្រុត នៅតំបន់ Miami បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ជាមួយគ្នានេះក៏មានមនុស្សជិត១០០នាក់បាត់ខ្លួន។

សារព័ត៌មាន CNN បានផ្សាយថា អភិបាលរដ្ឋ Florida លោក Ron Desantis បានប្រកាសអាសន្ននៅយប់ថ្ងៃទី២៤ខែមិថុនា ដើម្បីជួយដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាក់ស្រុតអគារកម្ពស់១២ជាន់ Champlain Towers South ស្ថិតនៅតំបន់ឆ្នេរសមុទ្រ Sufside រដ្ឋFlorida អាមេរិក ។ ការប្រកាសអាសន្នគឺអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលក្នុងតំបន់អាចប្រើប្រាស់គ្រប់វិធានការបន្ទាន់ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ។
មកទល់ពេលនេគេមិនទាន់ដឹងថា ក្នុងពេលគ្រោះថ្នាក់បាក់ស្រុតកើតឡើងមានមនុស្សប៉ុន្មានរស់នៅក្នុងអគារនោះឡើយ។ តាមការសន្និដ្ឋានរបស់កម្លាំងប៉ុលិសគឺមានមនុស្ស៩៩នាក់រស់នៅក្នុងអគារពេលបាក់ស្រុត ។មកទល់ពេលនេះមិនទាន់មានព័ត៌មានច្បាស់លាស់ស្តីពីអ្នករស់នៅខាងក្នុងអគារនោះនៅឡើយទេ។
លោក Freddy Ramirez ស្នងការប៉ូលិសស្រុក Miami-Dade បានលើកឡើងនៅក្នុងសន្និសីទកាសែតថា «មានមូលហេតុជាច្រើនដែលមកទល់ពេលនេះយើងមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ណាមួយនៅឡើយ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការស្វែងរកមនុស្សដែលអាចកប់នៅក្រោមគំនរអគារបាក់បែក។
តាមសារព័ត៌មាន CNN មានមនុស្ស៥៣នាក់មានសុវត្ថិភាព ក្រោយការបាក់ស្រុត និងម្នាក់ស្លាប់ ហើយមាន៣៧នាក់បានសង្គ្រោះចេញពីគំនរអគារបាក់បែក។ អគារខុនដូដែលបាក់ស្រុតបានសាងសង់ឡើងតាំងពីឆ្នាំ១៩៨០ ដោយមានខុនដូ១៣៦បន្ទប់។ តាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះ Miami-Dade មានខុនដូ៥៥បន្ទប់បានបាក់ស្រុតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។