លោក ប្រាជ្ញ ចន្ទ នឹងចូលកាន់តំណែងជាប្រធាន គ.ជ.ប នៅថ្ងៃទី៣០ មិថុនា

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងរៀបចំការប្រកាសចូលកាន់តំណែងលោកប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។

តាមកម្មវិធីដែលបានគ្រោងទុក ពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ។
សូមបញ្ជាក់ថា លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។