រុស្ស៊ីធ្វើសមយុទ្ធទ្រងទ្រាយធំមិនធ្លាប់មានចាប់តាំងពី សម័យកាលអតីតសហភាពសូវៀត
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Gergei Shoigu បានប្រកាសឲ្យដឹងថា រុស្ស៊ីបានត្រៀមធ្វើសមយុទ្ធជាទ្រងទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីប្រទេសចិន ម៉ុងហ្គោលី។សមយុទ្ធជាទ្រងទ្រាយធំនេះមិនធ្លាប់មានចាប់តាំងពីសម័យកាលអតីតសភាពស៊ូវៀត។ សមយុទ្ធមានការចូលរួមពីកម្លាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។
សារព័ត៌មាន RT កាលពីថ្ងៃទី ២០ខែសីហាបានដកស្រងសម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បញ្ចាក់ថា សមយុទ្ធដែលបានគ្រោងទុកនោះមានឈ្មោះថា Vostok-2018 នឹងធ្វើឡើងរយៈពេល ៥ថ្ងៃ នៅក្នុងខែកញ្ញាខាងមុខ ស្ថិតនៅតំបន់ Siberia និងតំបន់បូព៌ា រុស្ស៊ី ។ រដ្ឋមន្ត្រី Shoigu បញ្ចាក់ថា «នេះជាសមយុទ្ធទ្រងទ្រាយធំមិនធ្លាប់មាន ស្តីពីទ្រងទ្រាយនិងភូមិសាស្ត្រ ក៏ដូចជាសព្វាវុធចូលរួននៅក្នុងសមយុទ្ធនោះ។
លោក Shoigu បញ្ចាក់ថា សមយុទ្ធខាងលើ ជាទ្រងទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨១ ។ ចំនួនកម្លាំងទាហានចូលរួមនៅក្នុងសមយុទ្ធ Vostok-2018 មិនទាន់ប្រកាសឲ្យដឹងជាសាធារណៈនៅឡើយទេ ។ចំណែកភាគីចិន អាចនឹងបញ្ចូនទាហាន ប្រមាណ ៣០០០នាក់ចូលរួមជាមួយទាហានរុស្ស៊ី។
ក្រសួងការពារជាតិចិន បានប្រកាសឲ្យដឹងថា ក្រៅពីកម្លាំងទាហាន ៣ពាន់នាក់ នៅមានអាវុធ ជាង ៩០០ប្រភេទ ក្នុងនោះមានឧទ្ធម្ភាគច័ក្រ ៣០គ្រឿង យន្តហោះចម្បាំង ជាច្រើនគ្រឿងផងដែរ ។
អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងចូលរួមត្រួតពិនិត្យនៃការធ្វើសមយុទ្ធដោយផ្ទាល់។
កំណើននៃការធ្វើសមយុទ្ធ របស់រុស្ស៊ីកើនឡើងជាបន្តបន្ទាប់ នឹងទ្រងទ្រាយធំឡើងៗ ពីមួយលើកទៅមួយឡើយ ក្នុងពេលដែលរុស្ស៊ីកំពុងប្រឈមមុខតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច ។ កាលពីឆ្នាំ ២០១៧ សមយុទ្ធមានឈ្មោះថា Zapad-2017 មានការចូលរួមពី កម្លាំងទាហាន ១២.៧០០ យន្តហោះចម្បាំង ៧០គ្រឿង នាវាចម្បាំង ១០គ្រឿង និង រថយន្តទាហានថ្មើជើង៦៨០គ្រឿង ក្នុងនោះមានរថក្រោះរថពាសដែកផងដែរ។
សមយុទ្ធ របស់រុស្ស៊ីកើតឡើង ក្រោយពេល ណាតូ បានបង្កើនការធ្វើសមយុទ្ធ ជាទ្រងទ្រាយធំនៅគៀកទឹកដីរុស្ស៊ី ។ កាលពីខែមិថុនាកន្លងមក កម្លាំងទាហានជាង ១៨.០០០នាក់ មកពី១៩ប្រទេសរបស់ណាតូ បានធ្វើសមយុទ្ធរយៈពេល ពីរសប្តាហ៍នៅប្រទេសប៉ូឡូញនិង បណ្តាប្រទេសប៉ាលតិច។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសមយុទ្ធរបស់រុស្ស៊ីនាពេលនេះ គឺមានការចូលរួមពីកម្លាំងទាហានចិន ជាសញ្ញាមួយបង្ហាញឲ្យឃើញថា មហាអំណាចយោធា រុស្ស៊ីចិន បានរួមកម្លាំងគ្នាដើម្បីទប់ទលនឹងមហាអំណាចទីមួយអាមេរិក ក៏ដូចជាជំនួសដំណែងអាមេរិក នៅក្នុង ការរក្សាសន្តិសុខ ស្ថេរភាពលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។