ផ្ទះ​តា​ម៉ុក សារមន្ទីរ​តា​ម៉ុក (​អតីត​ផ្ទះ​តា​ម៉ុក​)

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ស្រុក​អន្លង់វែង​ជាទី​តាំង​ដ៏​ពិសេស និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​នៅ​ជា​ប្រធានបទ​សម្រាប់​ការពិភាក្សា​វែកញែក ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ អន្លង់វែង​បានក្លាយ​ជា​ស្រុក​ចុងក្រោយ​គេ​បង្អស់​ដែល​ធ្វើ​សមាហរណកម្ម​ចូលក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី ឈិ​ត ជឿន ហៅ (​តា ម៉ុក​) អតីត​មេដឹកនាំ​ខ្មែរក្រហម បាន​គ្រប់គ្រង​តំបន់​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៨៩​។ តា​ម៉ុក​ធ្លាប់ជា​ប្រធាន​ភូមិភាគ​និរតី​របស់​របប​ខ្មែរក្រហម ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា “​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”​។ របប​នេះ​ត្រូវបាន​ជឿថា​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ប្រជាជន​ជិត​២​លាន​នាក់​។​

​នៅក្នុង​ពេលដែល​តា ម៉ុក​គ្រប់គ្រង​ស្រុក​អន្លង់វែង អំណាច​របស់​តា​ម៉ុក រីកដុះដាល​កាន់តែខ្លាំង​ឡើង ហើយ​ប្រជាជន​ស្រុក​អន្លង់វែង​មាន​សេចក្តី​គោរព​ចំពោះ​តា​ម៉ុក​យ៉ាងខ្លាំង​។ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​របស់គាត់ តា ម៉ុក បាន​ចំណាយពេល​ជាច្រើន​ខែ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​ក្លាយជា​កេរ្តិ៍ដំណែល​នៃ​សម័យ​កាលដែល តា ម៉ុក កាន់អំណាច​នៅ​ស្រុក​អន្លង់វែង (១៩៨៩-១៩៩៨)​។

សព្វថ្ងៃនេះ អតីត​ផ្ទះ​តា​ម៉ុក គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ ក្នុងចំណោម​តំបន់​ប្រវត្តិសាស្ត្រ​ស្រុក​អន្លង់វែង​ទាំង​១៤ ដែល​ត្រូវ​បានកំណត់​នៅក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បានប្រែក្លាយ​ទៅជា​សារមន្ទីរ​នៅ​ដើមឆ្នាំ​២០០០​។ នៅពេល​ធ្វើដំណើរ​ដល់​ស្រុក​អន្លង់វែង ភ្ញៀវទេសចរ​កម្រ​ខកខាន​ឱកាស​ក្នុងការ​ចូលទៅ​ទស្សនា “​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង​” ដែល​ធ្លាប់ជា​ផ្ទះ​របស់​តា​ម៉ុក​នេះ​ណាស់​។

​បច្ចុប្បន្ន មាន​ពិ​ព័រ​ណ៌​រូបថត​១០០​សន្លឹក​បានដាក់​តាំង​បង្ហាញជូន​សាធារណជន​នៅក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង ដែល​រូបថត​នីមួយៗ បាន​នឹង​កំពុង​ពាំនាំ​នូវ​រឿងរ៉ាវ​ដ៏​ច្រើន​អនេក​ស្តីពី​អតីតកាល​ដ៏​អន្ធការ​របស់​ប្រទេស​កម្ពុជា និង​បម្រើឱ្យ​ការចងចាំ​និង​ការអប់រំ ដែល​អាចជួយ​លើកកម្ពស់​ការយល់ដឹង និង​បង្កើតបានជា​ការឆ្លុះបញ្ចាំង​ដ៏​ស៊ីជម្រៅ​ចំពោះ​សម័យ​កាលនោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close