គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ណែនាំវិធានការការពារមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta កុំឲ្យធ្លាយចូលសហគមន៍
ដោយយោងលើភាពចាំបាច់ជាបន្ទាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីល្ងាចមិញនេះ បានសម្រេចដាក់ចេញនូវវិធានការចំនួន៩ សម្រាប់អាជ្ញាធរអនុវត្ត។
ក្នុងនោះរួមមាន ៖
១. ត្រូវរៀបចំបន្ទាន់នូវមណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ជាពិសេសសម្រាប់ខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់ ដោយរៀបចំបែងចែកឲ្យដាច់ពីគ្នារវាងអ្នកធ្វើចត្តាឡីស័កដែលជាអ្នកដំណើរមកពីប្រទេសថៃ និងអ្នកធ្វើចត្តាឡីស័កដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីបង្ការការចម្លងជាយថាហេតុ នៃមេរោគបំប្លែងខ្លួនថ្មីនេះនៅក្នុងមណ្ឌលចត្តាឡី័សក។
២. ផ្គត់ផ្គង់បន្ថែមនូវសម្ភារបរិក្ខាពេទ្យចាំបាច់នានា ព្រមទាំងឱសថព្យាបាលដល់បណ្តាខេត្តជាប់ព្រំដែន ដោយផ្អែកលើសភាពការណ៍ និងតម្រូវការជាក់ស្តែងចំពោះមុខ។
៣. រៀបចំឲ្យមាន «មណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់» តាមរយៈការបង្កើនសមត្ថភាពមន្ទីរពេទ្យបង្អែកថ្នាក់ខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដោយផ្តើមអនុវត្តជាអាទិភាពសម្រាប់តំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។
៤. បង្កើនកិច្ចសហការជាមួយខេត្តរបស់ប្រទេសថៃជាប់ព្រំដែន ពង្រឹងការគ្រប់គ្រងលំហូរចូល នៃប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ ចៀសវាងការលួចឆ្លងដែនដោយខុសច្បាប់
៥. គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ថ្នាក់រាជធានីខេត្ត ត្រូវចាត់វិធានការមុតស្រួចបន្ថែមទៀត ទាំងវិធានការផ្នែករដ្ឋបាល និងច្បាប់ បន្ថែមលើការអប់រំ និងការអំពាវនាវនាពេលកន្លងមក។
៦. ប្រគល់ភារកិច្ចឲ្យគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ថ្នាក់ខេត្ត ទិញដោយផ្ទាល់នូវសម្ភារឃីត និងទឹកបរិសុទ្ធ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ដោយមិនបាច់ដឹកចេញពីរាជធានីភ្នំពេញ។
៧. ប្រគល់ភារកិច្ចជូនអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដឹកនាំរៀបចំផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់រយៈពេល៦ខែ ដោយសហការ និងពិគ្រោះយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមួយអនុគណៈកម្មការនានាដែលពាក់ព័ន្ធ។
៨. ត្រូវធ្វើតេស្តរហ័សប្រចាំខែទៅលើកម្លាំងនៅតាមបណ្តាគោលដៅឈរជើងនៅមាត់ច្រកព្រំដែន។
៩. ត្រូវធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជូនទំនិញដែលត្រូវឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ដោយត្រូវអនុវត្តការធ្វើតេស្តរហ័សនេះ រៀងរាល់ ៧២ម៉ោងម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។