ឥណ្ឌា ប្រកាសឲ្យចាក់វ៉ាក់សាំង Moderna ជាបន្ទាន់
ឥណ្ឌា៖ ឥណ្ឌានៅថ្ងៃអង្គារនេះបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna សម្រាប់ករណីបន្ទាន់ ស្របពេលដែលឥណ្ឌាកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក្រោយមានការកើនឡើងករណីឆ្លង និងស្លាប់ ។
នេះជាវ៉ាក់សាំងទី០៤ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌាបានអនុញ្ញាតអោយប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំង Kovacicin វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី ។ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បញ្ជាក់ថា ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេ គឺក្រុមហ៊ុន Cipla បានទទួលការអនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ ។
លោក Paul បន្តថា ការអនុម័តខាងលើនេះ នឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន ។ បើតាមលោក Paul កិច្ចខំតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីអញ្ជើញ និងទទួលវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាអន្តរជាតិដទៃទៀត ជាពិសេស Pfizer J&J (Jonhson & Jonhson) ក៏នៅតែបន្តផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។