ព្រឹកនេះ តុលាការកំពូលនឹងបើកសវនាការ ករណីសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា
តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ តុលាការកំពូលនឹងបើកសវនាការ ដើម្បីសម្រេចលើសំណើរសុំនៅក្រៅឃុំរបស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។
មុននឹងឈានដល់តុលាការកំពូល លោក កឹម សុខា បានស្នើសុំនៅក្រៅឃុំ នៅសាលាដំបូងរាជធានីភ្នំពេញ និងនៅសាលាឧទ្ធរណ៍ជាច្រើនលើករួចមកហើយ តែសុទ្ធតែត្រូវបានបដិសេធ។
យ៉ាងណាក៏ដោយចំពោះសវនាការនៅព្រឹកនេះ មជ្ឈដ្ឋានមួយចំនួនសុទ្ធតែបានសម្តែងក្តីសង្ឃឹមថា លោក កឹម សុខា អាចនឹងត្រូវតុលាការដោះលែង ក្រោយពីស្ថានការណ៍នយោបាយនៅកម្ពុជាហាក់ធូរស្រាល ដោយគេឃើញមានសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលមួយចំនួនត្រូវបានដោះលែងជាបន្តបន្ទាប់ ដូចជា លោក គឹម សុខ, អ្នកស្រី ទេព វន្នី ហើយនៅចុងក្រោយនេះ គឺអ្នកយកព័ត៌មានវិទ្យុអាស៊ី២រូបទៀតនោះ។
គួរបញ្ជាក់ដែរថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទសង្ស័យថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។