៦ខែ ឆ្នាំនេះ! កម្ពុជា នាំចេញកសិផលក្នុងបរិមាណសរុបជាង ៤លាន ៤៥ម៉ឺនតោន
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។
កសិផលសំខាន់ៗដែលបាននាំចេញ មានដូចជា៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេចមាន ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៦២មុខផ្សេងទៀត។
សម្រាប់តម្លៃនៃការនាំចេញកសិផលដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ដុល្លាអាមេរិក ក្នុងនោះ៖
ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក
-ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក
-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ដុល្លាអាមេរិក។
សូមបញ្ជាក់ថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។