នាយករដ្ឋមន្រ្តីកម្ពុជាដាក់ចេញវិធានការយុទ្ធសាស្ត្រចំនួន៥ ទប់ស្កាត់ការជំងឺកូវីដបំប្លែងខ្លួនថ្មី
ក្នុងកិច្ចប្រជុំគណៈកម្មការជាតិប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៥ ក្នុងការបន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី។
យុទ្ធសាស្រ្តទាំង៥នោះរួមមាន៖
ទី១. ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសអាកាស ជាពិសេសច្រកផ្លូវព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។
ទី២. ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស នៅតាមព្រំដែន។ សម្តេចបញ្ជាក់ថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័ស ក្រៅពីការធ្វើតេស្តរហ័ស ករណីសង្ស័យត្រូវធ្វើតេស្ត ដោយម៉ាស៊ីនធំ PCR ក្រសួងសុខាភិបាល ត្រូវមានការទទួលខុសត្រូវឲ្យច្បាស់។
ទី៣. ការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ពង្រឹងនិងផ្គត់ផ្គង់ កន្លែងធ្វើចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តដែលជាប់ព្រំដែនថៃ ខណៈព្រំដែនជាមួយថៃ មានពលករច្រើន។
ទី៤. ដាក់ឲ្យព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី «ដែលតា» ឬរៀបចំការព្យាបាលដាច់ដោយឡែក ហើយតម្រូវឲ្យធ្វើចត្តាឡីស័ករហូតដល់២១ ថ្ងៃ មិនមែន១៤ថ្ងៃទេ ព្រោះប្រភេទនេះ មានការវាយលុកខ្លាំង។
និងទី៥. ពលករខ្មែរ នៅប្រទេសថៃ មិនត្រូវបារម្ភនោះទេ ហើយត្រូវសហការជាមួយភាគីថៃ ស្នាក់នៅទីនោះ ជៀសវាងការនាំជំងឺកូវីដចូលស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។