រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ទទួល​ជួប​អគ្គរដ្ឋទូត​វៀតណាម ដើម្បី​ពិភាក្សា​ការងារ និង​ជម្រាបលា​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម បានបញ្ចប់​អណ​ត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​បំពេញបេសកកម្ម​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ការរួមចំណែក​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត លើ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ និង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ឈានដល់​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អះអាង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម លំហូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឱ្យ​កាន់តែ​រលូន ទោះបីជា​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ និង​ទ្វេភាគី ដែល​កម្ពុជា​បានបញ្ចប់​ការចរចា​។ លើសពីនេះ ភាគី​ទាំងពីរ​ប្តេជ្ញា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ឈានដល់​កម្រិត​ដែល​ប្រទេស​ទាំងពីរ​ចង់បាន​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការគាំទ្រ និង​ផ្តល់ជំនួយ​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា​។ ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Vu Quang Minh ឱ្យ​បន្ដ​ទទួលបាន​ជោគជ័យ​ថែមទៀត​នៅក្នុង​ភារកិច្ច​ថ្មី​របស់​ឯកឧត្តម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close