៦ខែ ឆ្នាំនេះ! មនុស្ស២៦នាក់ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា
គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។ តួលេខនេះបានថយចុះ ៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះ ៣៨នាក់។
ទិន្នន័យគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានធានានូវប្រសិទ្ធភាព និងគុណភាព ដោយការិយាល័យ CMVIS រក្សាទុកនូវក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីចែកចាយជូនប្រតិបត្តិករសកម្មភាពមីន ស្ថាប័នជាតិ និងអន្តរជាតិ តាមតម្រូវការចាំបាច់របស់ពួកគេ។
ក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារ CMVIS បានផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២០៥០នាក់។
ក្នុងនោះផងដែរប្រជាពលរដ្ឋបានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន ៦២គ្រាប់ និងបានរាយការណ៍បន្តទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកំទេចចោលបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។