សម្ដេច​ក្រឡាហោម ព្រមាន​មន្ដ្រីនគរបាល​ពន្លត់​អគ្គិភ័យ កុំ​ឲ្យ​ទារលុយ​ពី​ពលរដ្ឋ​

​នៅក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ ដល់​អង្គភាព​ជំនាញ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ នៅ​ក្រសួងមហាផ្ទៃ​, សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បាន​ព្រមាន​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ កុំ​ឲ្យ​ទារលុយ​ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ការបាញ់ទឹក​ពន្លត់​អគ្គិភ័យ ពោលគឺ​កុំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ធ្វើ​អាជីវកម្ម​។​

​សម្តេច បាន​បន្តថា នគរបាល​ពន្លត់​អគ្គិភ័យ ត្រូវ​ប្រកាន់​វិជ្ជាជីវៈ និង​បំពេញការងារ​តាម​ជំនាញ​ដោយ​មិន​រើសមុខ ចៀសវាង​ការទារលុយ ឬ​ទារ​នេះ​ទារ​នោះ​ពី​ប្រជាពលរដ្ឋ​មុន​សង្គ្រោះ ត្រូវ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព មិន​ត្រូវដាក់​លក្ខខណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ​។​

​បើ​យោងតាម​របាយការណ៍ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ នេះ មានរ​ណី​គ្រោះ​អគ្គិភ័យ បាន​ឆាបឆេះ​ចំនួន​៣៥១​លើក ដោយបាន​បង្ក​ឲ្យ មាន​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់ និង​មាន​អ្នករងរបួស ចំនួន​៤៦​នាក់ ព្រមទាំង​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ អស់​ចំនួន​៣៦២​ខ្នង​។​

​ដោយឡែក​កាលពី​ឆ្នាំ​២០១៧ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៥១២​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២២​នាក់ និង​របួស ១២៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close