ខេត្តសៀមរាប! ចំនួនអ្នកឆ្លងកូវីដ-១៩កើន ១២៣នាក់ទៀត និងស្លាប់ ២នាក់
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
ករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៦៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៧៨ ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ ករណីទី៨៥ ដល់ទី៩០ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ករណីទី៩១ ដល់ទី៩២ ជាករណីបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ និងករណីទី៩៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន។ ជាមួយគ្នានេះ ករណីទី៩៤ និងករណីទី៩៥ ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១០៤ ដល់ទី១២៣ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។
អ្នកជាសះស្បើយទាំង៤៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ រីឯករណីស្លាប់ចំនួន ២នាក់ ដោយសារជំងឺកូវីដ-១៩ គឺបុរស អាយុ៧៧ឆ្នាំ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី និងបុរស អាយុ២៩ឆ្នាំ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៦៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤៨៣នាក់ ស្លាប់១៣នាក់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។