កូនព្យុះមួយ​នឹង​មាន​ឥទ្ធិពលមក​លើ​ប្រទេស​កម្ពុជា ក្រសួង​ប្រាប់​ឲ្យ​ប្រជានេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រប្រុងប្រយ័ត្ន

តាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី៥ កក្កដា នេះ បាន​បញ្ជាក់ថា នៅវេលាម៉ោង​៧ព្រឹកមិញនេះ មានសម្ពាធទាប​សកម្ម​មួយ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ ខាងលិច​ប្រទេស​ហ្វីលីពីន ដោយ​វានឹង​បង្កើន​ឥទ្ធិពល​ទៅជា​វិសម្ពាធ TD ហើយ​ធ្វើដំណើរ​ឆ្ពោះមកទិស​ពាយ័ព្យ ហើយ​នៅ​វេលាម៉ោង​៤ល្ងាចថ្ងៃដដែលនេះ វានឹង​បង្កើន​ឥទ្ធិពល​ជាកូនព្យុះទី៦ ឈ្មោះ អ៊ីនហ្វា នៅលើ​សមុទ្រ​ចិនខាងត្បូង។

យោងតាមការព្យាករ នៅថ្ងៃទី៧ ខែកក្កដា កូនព្យុះនេះ នឹង​ធ្វើដំណើរចូល​ទៅកោះហៃណាំ​ប្រទេសចិន ហើយ​នៅថ្ងៃទី៨ កក្កដា កូនព្យុះនឹងថមថយ​ឥទ្ធិពល​របស់ខ្លួន​ទៅជា​វិសម្ពាធ TD រួចចូលទៅ​ប្រទេស​វៀតណាម​ខាងជើង។

ក្នុងនោះដែរ ជ្រលងនៃកូនព្យុះទី៦នេះ នឹង​មានឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពីថ្ងៃទី៥, ៦, ៧ និង ៨ ខែកក្កដា ដោយ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​ជាប់ជុំវិញទន្លេសាប និង​បឹងទន្លេសាប មានភ្លៀងធ្លាក់​ពីបង្គួរ​ទៅច្រើន និង​មាន​ខ្យល់​កន្រ្តាក់ក្នុង​កម្រិត​បង្គួរ។

បណ្តា​ខេត្ត​នៅ​តំបន់ជួរ​ភ្នំ​ដងរែក និង​តាម​ដងទន្លេ​មេគង្គ មាន​ភ្លៀងធ្លាក់ពីបង្គួរ​ទៅច្រើន និង​មាន​ខ្យល់កន្រ្តាក់​ក្នុង​កម្រិត​បង្គួរ។

ដោយ​ឡែក​តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរ​ទៅច្រើន និង​មាន​ខ្យល់កន្រ្តាក់​ក្នុង​កម្រិត​បង្គួរ ជាមួយ​រលក​សមុទ្រ​មាន​កម្ពស់​ជាមធ្យម។

ដូច្នេះ ក្រសួងធនធានទឹក ស្នើ​ដល់បងប្អូន​ប្រជានេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រទាំងអស់ បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​រាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើតមានជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close