ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៩១​នាក់​ទៀត និង​ស្លាប់ ២​នាក់

​ខេត្តសៀមរាប​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៩១​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៨​នាក់ និង​ស្លាប់ ចំនួន​២​នាក់ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

​ករណី​ទី​១ ដល់ទី​១២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី ករណី​ទី​១៣ ដល់ទី​២៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី និង​ករណី​ទី​២៧ ដល់ទី​៣១ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ​។ ក្នុងនោះ ករណី​ទី​៣២ ដល់ទី​៤៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក ករណី​ទី​៤៧ ដល់ទី​៤៨ ជា​ករណី​ឆ្លង​ពី​អ្នកជំងឺ​ឈ្មោះ សុខ ឃ​ន ករណី​ទី​៤៩ ដល់ទី​៥២ ជា​អ្នកធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ធំ​។

​ជាមួយគ្នានេះ ករណី​ទី​៥៣ ដល់ទី​៥៥ ជា​ករណី​ឆ្លង​ពី​អ្នកដំណើរ​មកពី​ខេត្តបន្ទាយមានជ័យ ករណី​ទី​៥៦ ដល់ទី​៧៨ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​៧៩ ដល់ទី​៩១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ១៨​នាក់ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ចំពោះ​ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន ២​នាក់ គឺ​ស្ត្រី អាយុ​៤០​ឆ្នាំ អាសយដ្ឋាន​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប និង​ស្ត្រី អាយុ​៦៧​ឆ្នាំ អាសយដ្ឋាន​ភូមិ​អូរ​របង សង្កាត់​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៥០៨​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៥៨០​នាក់ ស្លាប់​១៧​នាក់ និង​៩១១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close