ករណីពុលស្រា! ស្លាប់ជិត ១០នាក់ និងរងគ្រោះជាច្រើននាក់ទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត
ខេត្តកំពត៖ ហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ និងរងគ្រោះជាច្រើននាក់ កាលពីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ចុងសប្តាហ៍នេះ នៅស្រុកកំពង់ត្រាច ខេត្តកំពត មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពត សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
មន្ត្រីជំនាញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់ចំនួន ៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាល បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។
ជាមួយគ្នា មន្ត្រីជំនាញ បានប្រមូលសំណាកគំរូស្រាស និងស្រាថ្នាំដែលមានសេសសល់នៅផ្ទះជនរងគ្រោះ និងទីតាំងលក់ស្រាស និងស្រាថ្នាំ និងបន្តចុះស្រាវជ្រាវដល់កន្លែងផលិតស្រា ដែលស្ថិតនៅខាងជើងវត្តអង្គដំបងដែក ស្ថិតក្នុងភូមិតាក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។ ក្រោយពីប្រមូលសំណាកគំរូទាំងអស់ វិភាគនៅមន្ទីពិសោធន៍រួច បានរកឃើញវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។
មន្ត្រីជំនាញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។