ធ្លាក់​យន្តហោះ​យោធា នៅ​ហ្វីលីពីន​! មនុស្ស​ស្លាប់ ៤៧​នាក់ និង​៤៩​នាក់​ទៀត​របួស

​ហ្វីលីពីន​៖ មនុស្ស​ដែល​បាន​ជិះ​នៅលើ​យន្តហោះ​យោធា ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ មាន​ចំនួន​សរុប​៩៦​នាក់ ហើយ​តួលេខ​អ្នកស្លាប់​ក្នុងចំណោម​ពួកគេ បាន​កើន​ឡើងដល់​៤៧​នាក់ និង​៤៩​នាក់​ទៀត​រងរបួស ។​

​ភាគច្រើន​នៃ​កងទ័ព​ទាំង ៩៦​នាក់ ដែល​ស្ថិតនៅលើ​យន្តហោះ​ប្រភេទ C-130 Hercules ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Lockheed Martin គឺជា​យោធា​ដែល​ទើប​បញ្ចប់​ការសិក្សា ។ គ្រោះថ្នាក់​ដ៏​អាក្រក់​នេះដែរ ក៏បាន​ធ្វើអោយ​ប្រជាជន​នៅលើ​ដី​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទទួល​រងរបួស​ផងដែរ ដោយសារ​ត្រូវ​យន្តហោះ​យោធា​ធ្លាក់ចំ​ទីតាំង ដែល​ពួកគេ​កំពុង​ស្ថិតនៅ ។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន លោក ឌែ​ល​ហ្វី ឡូ​រិ​ន​ហ្សា​ណា បាន​និយាយថា ការស៊ើបអង្កេតរ​កមូ​ល​ហេតុ​ធ្លាក់​នឹងត្រូវ​ធ្វើឡើង ក្រោយ​ប្រតិបត្តិ​ការសង្គ្រោះ​នៅ​កន្លែងកើតហេតុ​ចប់​រួចរាល់​។​

​សូមជម្រាបថា យន្តហោះ​យោធា​នេះ​ត្រូវបាន​គេ​ដឹងថា គ្រោង​នឹង​ទៅ​ចុះចត​នៅ​ព្រលានយន្តហោះ​ទីក្រុង​ចូ​ឡូ ស្ថិតក្នុង​ខេត្ត​ដី​កោះ ស៊ូ​លូ ភាគខាងត្បូង​ហ្វីលីពីន ប៉ុន្តែ​ក៏បាន​ហោះ​ជ្រុល​ហួស​ព្រលាន ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស ហើយ​នៅពេល​មិនអាច​គ្រប់គ្រង​ម្ចាស់ការ​បាន​ទៀត វា​ក៏បាន​ធ្លាក់​នៅ​តំបន់ ផា​ទី​កាល់ ដែល​ស្ថិត​នៅក្បែរនោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close