អ្នកឆ្លងកើនឡើងពេក អាជ្ញាធរ​គ្រោងនឹងអនុវត្ត​ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះវិញ

ក្នុង​កិច្ច​ប្រជុំ​តាម​រយៈប្រព័ន្ធវីដេអូជាមួយ​សាលារាជធានីភ្នំពេញកាលពីព្រឹកមិញ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំងរហូតខ្វះ កន្លែងទទួលអ្នកជំងឺ, ដូច្នេះវិធានការបន្ទាប់ គឺការ​បង្កើតឱ្យមានជាការព្យាបាលជំងឺនៅតាមផ្ទះ។

តាម​លោក ង៉ូវ កាង ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បី ប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលត្រូវការឱ្យជួយដោយជំងឺកូវីដ-១៩ គឺនៅពេល មានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​បច្ចុប្បន្ននេះ នៅ​រាជធានីភ្នំពេញមានអ្នកជំងឺប្រមាណជាង៣០០នាក់ហើយ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close