ក្រុមជួយសង្គ្រោះ១៥០០នាក់ខិតខំស្វែងរកអ្នកបាត់ខ្លួន ៨០នាក់នៅក្នុងហេតុការបាក់ដីនៅជប៉ុន
ពេលវេលាសង្ឃឹមរកឃើញអ្នកនៅរស់ក្នុងហេតុការគ្រោះថ្នាក់បាក់ដីនៅទីក្រុង Atami ប្រទេសជប៉ុនកាន់តែតិចទៅៗ ហើយកម្លាំងជួយសង្គ្រោះជប៉ុនបានខិតខំប្រជែងនឹងពេលវេលាដើម្បីស្វែងរកមនុស្ស៨០នាក់ទៀតដែលបាត់ខ្លួនក្នុងហេតុការបាក់ដីនៅទីក្រុងឆ្នេរសមុទ្រ Atami ។ នៅថ្ងៃទី ៥ខែកក្កដា មន្ត្រីទីក្រុង Atami បានបង្កើនក្រុមជួយសង្គ្រោះឡើងដល់១៥០០នាក់ដើម្បី ស្វែងរកមនុស្សបាត់ខ្លួនកប់ក្រោមភក់ល្បាប់។
នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានឲ្យដឹងថា «យើងចង់ជួយសង្គ្រោះពលរដ្ឋដែលគប់ក្រោមកំនរអគារបាក់ស្រុតដោយសារតែបាក់រអ៊ិលដី ឲ្យបានឆាប់បំផុត»។ លោកបន្តទៀតថា កម្លាំងជួយសង្គ្រោះ ទាហាន នឹងធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីស្វែងរកពលរដ្ឋដែលបាត់ខ្លួន។
តាមតួលេខពីមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា បច្ចុប្បន្ន មានមនុស្ស ៣នាក់ស្លាប់ ចំណែកពលរដ្ឋដែលបាត់ខ្លួនបានថយចុះពី ១១៣នាក់ នៅសល់តែ៨០នាក់ប៉ុណ្ណោះ ។
អភិបាលក្រុង Atami លោក Saito Sakae បានឲ្យដឹងថាអ្នកស្លាប់ទី៣ គឺជាស្ត្រីអាយុ៨២ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ចំណែកបុរសវ័យកណ្តាលម្នាក់បានប្រាក់បណ្តាញព័ត៌មាន NHK ថា «ម្តាយខ្ញុំនៅបាត់ខ្លួននៅឡើយទេ។ ខ្ញុំមិនដែលគិតថារឿងអាក្រក់បានកើតឡើងនៅទីនេះ»។
ក្នុងរយៈជាង ១សប្តាហ៍កន្លងមកភ្លៀងធ្លាក់ខ្លាំង ជាមូលហេតុបណ្តាលឲ្យមានការបាក់ដី បង្កឲ្យមានជំនន់ភក់ល្បាប់បំផ្លាញផ្ទះសម្បែងជាច្រើន នៅជើងភ្នំ ក្នុងទីក្រុង Atami ដែលជាតំបន់រម្មណីយដ្ឋានលម្ហែរកាយដ៏ពេញនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។