ឯកឧត្តម វេ​ង សាខុន ជំរុញ​ការប្រើប្រាស់​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ ដែលជា​ស្នាដៃ​កូន​ខ្មែរ​

ឯកឧត្តម វេ​ង សាខុន ថ្លែង​តាមរយៈ​គេហទំព័រ​ផ្លូវការ​ថា តាម​ប្រពៃណី​ជា​យូ​លង់ការដាំដុះ​ដំណាំ​ស្រូវ​របស់​កសិករ​កម្ពុជា​គឺ​ចាប់ផ្តើម​ពី​ការ​ត្រាំ​គ្រាប់​ពូជស្រូវ យកទៅ​សាប បន្ទាប់មក​ដកសំណាប​យកទៅ​ស្ទូង ដោយឡែក​នៅ​តំបន់​វាលទំនាប​ធំ​ល្វឹងល្វើយ​កសិករ​ភាគច្រើន​ព្រោះ​គ្រាប់​ពូជស្រូវ​យកជាការ​ស្រេច ដែល​វិធី​ទាំងពីរ​នេះ​ចាំបាច់​ត្រូវ​ប្រើ​កំលាំង​មនុស្ស ហើយ​ការប្រើ​ពលកម្ម​មនុស្ស ធ្វើ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្រូវ​ខាតបង់​ពេលវេលា ពលកម្ម​មនុស្ស និង​គ្មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។

ឯកឧត្តម  បញ្ជាក់ថា ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង សមាគម​កសិកម្ម​ឈ្លាសវៃ (Agri Smart Association) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៥ តាមរយៈ​ការគាំទ្រ​ថវិកា​ដោយ Brooklyn Bridge to Cambodia (BB2C) និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​−​អូស្ត្រាលី ហៅ​កាត់​ថា CAVAC បាន​ច្នៃ​បង្កើត​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ជា​ជួរ (Eli Rice Seeder) ដែលជា​កម្មសិទ្ធិបញ្ញារ​បស់​កូន​ខ្មែរ ប្រើ​សម្រាប់​ព្រោះស្រូវ​ជា​ជួរ ជំនួស​កំលាំង​ពលកម្ម​មនុស្ស បង្កើនល្បឿន​ដាំ​ដុះ កាត់បន្ថយ​បរិមាណ​គ្រាប់ពូជ ធ្វើឱ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ជា មធ្យម​ប្រើ​រយ​:​ពេល ១​ហ​ត​/​ម៉ោង ត្រូវការ​ពលកម្ម​មនុ​ស្ស ១-២​នាក់ ពិសេស​ជាង​នេះ គេ​អាច​ប្រើ​ឧបករណ៍​នេះ​ភ្ជាប់​ជាមួយ​គោយន្ត ឬ​ត្រាក់ទ័រ ទៅតាម​ទំហំ​ដី​។ ​បច្ចុប្បន្ន ដោយ​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ពី​កសិករ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន សមាគម​កសិកម្ម​ឈ្លាសវៃ បាននិងកំពុង​កែលម្អ​ឧបករណ៍​នេះ​ជា​បន្តបន្ទាប់​ឱ្យ​កាន់តែ​ងាយស្រួល​ប្រើ មាន​ប្រសិទ្ធភាព សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​តម្លៃ​ទាប​ជាង​មុន​។

ឃើញ​ពី​គុណប្រយោជន៍​របស់​ឧបករណ៍​នេះ នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផលដំណាំ​ស្រូវ​នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាប់អារម្មណ៍​ចំពោះ​ឧបករណ៍​នេះ និង​កោតសរសើរ​ដល់​សមាគម​កសិកម្ម​ឈ្លាសវៃ​ដែល​បាន​គិតគូ និង​ផ្តួច​ផ្តើមគំនិត​កែច្នៃ​ឧបករណ៍​កសិកម្ម​នេះ​ឡើង​ដើម្បី​ជួយ​សម្រាល​កម្លាំង​របស់​ប្រជាកសិករ និង​ជួយ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ហើយ​សម្តេច​តេ​ជោ​បានផ្តល់​ឧបករណ៍​នេះ​ជូន​ប្រជាកសិករ និង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តតាកែវ​ចំនួន ១៣០​គ្រឿង ខេត្តពោធិ៍សាត់​ចំនួន ៥០​គ្រឿង ខេត្ត​បាត់ ដំបង​ចំនួន ៥០​គ្រឿង និង​បន្ទាយមានជ័យ​ចំនួន ៥០​គ្រឿង ដើម្បី​ជំរុញ​ល្បឿន​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​។

​តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា​នៅក្នុង​ឆ្នាំ​២០២១​នេះ កសិករ​ដែល​ទទួលបាន​ឧបករណ៍​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ បាន​ប្រើប្រាស់​សម្រាប់​ទាំង​ផលិតកម្ម​ដំណាំ​ស្រូវ និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​។ បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កសិក​ម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កំពុង​សហការ​ជាមួយ​សមាគម​កសិកម្ម​ឈ្លាសវៃ ក្នុងការ​ផ្សព្វផ្សាយ និង​ជំរុញ​ការប្រើប្រាស់​ឧបករណ៍​នេះ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close