ឆមាសទី១ឆ្នាំ២០១៨ នេះ ក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកផលិតផល ជិត៤ពាន់មុខ
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកផលិតផលជាតិ និងអន្តរជាតិ ចំនួន៣៨០៨មុខ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើង១៦%។
បើតាមរបាយការណ៍ បានបញ្ជាក់ថា ឆមាសទី១ នេះ ក្រសួងបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន៣៨០៨មុខ ក្នុងនោះផលិតផលក្នុងស្រុកចំនួន២.៦៧០ម៉ាក និងម៉ាកសញ្ញាអន្តរជាតិចំនួន១១៣៨មុខ។
ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក អប់ រ៉ាឌី បានឲ្យដឹងថា ការចុះបញ្ជីម៉ាកផលិតផលមានសារសំខាន់ ព្រោះនៅពេលម្ចាស់ម៉ាកចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ ម្ចាស់ម៉ាកមានសិទ្ធិប្តឹងជនណាដែលបានក្លែងបន្លំម៉ាក ឬទំនិញដែលមានលក្ខណៈដូច ឬស្រដៀង ដែលធ្វើឲ្យមានការភាន់ច្រឡំ ក៏ដូចជាទទួលបានសិទ្ធិផ្តាច់មុខនៅពេលដែលម្ចាស់ម៉ាកបានចុះបញ្ជីស្របច្បាប់រួចហើយ។
សូមបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីម៉ាកពាណិជ្ជកម្មតាមអនឡាញ ដើម្បីផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា ការចំណាយក្នុងការស្នើសុំចុះបញ្ជី និងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាកប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។