រថយន្ត បុក​ម៉ូតូ​ចំ​ពីក្រោយ​អូស​ជិត​២​គីឡូម៉ែត្រ ស្លាប់​ម្នាក់ នៅ​ស្រុក​កៀនស្វាយ

​ខេត្តកណ្តាល​៖ ​កាលពី​វេលា​ម៉ោង​១៩ និង​១៥​នាទី​យប់ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត បើក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ ស្លាប់​ភ្លាមៗ និង​បន្ត​អូស​ម៉ូតូ​ជនរងគ្រោះ​ជិត ២​គីឡូម៉ែត្រ លើផ្លូវ​ជាតិ​លេខ​១១០ ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មាន​រថយន្ត​១​គ្រឿង ម៉ាក​TOYOTA HIGHLANDER ពណ៍​ទឹកមាស ប្រភេទ​ទេសចរណ៍ ពាក់​ផ្លាកលេខ កណ្តាល​2C-8848 បើកបរ​ពី​ស្រុង​ស្អាង ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក​HONDA DREAM ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1FP-5428 បើក​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​អ្នក​ម៉ូតូ​នៅនឹងកន្លែង​។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​បើក​អូស​ម៉ូតូ​ទៅមុខទៀត រហូតមកដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ចំងាយ​ពី​កន្លែងកើតហេតុ​ប្រហែល ២ ០០០​ម៉ែត្រ​ទើប​ឈប់ ទើប​អ្នកបើកបរ​រថយន្ត រត់គេចខ្លួន​បាត់​។​

​ជនរងគ្រោះ​ឈ្មោះ ពែ​ក ស្រី​ទូច ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បានធ្វើការ​វាស់វែង វត្ថុតាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។​

​ករណីនេះ សមត្ថកិច្ច សន្និដ្ឋានថា គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត ធ្វេសប្រហែស​បើក ក្នុង​ល្បឿន​លឿន​មិនមាន​ការប្រុងប្រយ័ត្ន និង​មិន​មើល​ស្ថានភាព​ផ្លូវ​ខាងមុខ​មាន​ឧបសគ្គ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close