ក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី២១ “រេដបូកកម្ពុជា-កូរ៉េ ឬគម្រោងរេដបូកទំរីង”
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាធារណរដ្ឋកូរ៉េ តាមរយៈសេវាកម្មព្រៃឈើកូរ៉េ នៅក្នុងការផ្តួចផ្តើមបង្កើតគម្រោងរួមគ្នាមួយឈ្មោះថា “រេដបូកកម្ពុជា-កូរ៉េ ឬគម្រោងរេដបូកទំរីង” ។
ខេត្តកំពង់ធំ គឺជាខេត្តគោលដៅរបស់គម្រោង អនុវត្តនៅក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក គ្របដណ្តប់លើផ្ទៃដីចំនួន ៦៧ ៧៩១ហត និងមាន ១៤ សហគមន៍ព្រៃឈើ មានសមាជិកសរុប ១ ៥០១គ្រួសារ ទទួលផល ហើយគម្រោងបានទទួល មានថវិកាឧបត្ថម្ភពីសាធារណរដ្ឋកូរ៉េចំនួន ១ ១០០ ០០០ដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជាចំនួន ៨១៣ ០៥០ ដុល្លារ។
កម្មវត្ថុរបស់គម្រោងគឺរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីព្រៃឈើរយៈពេលវែង និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលពឹងអាស្រ័យទាំងស្រុងលើធនធានព្រៃឈើ។ គម្រោងនេះបានទទួលស្គាល់ដោយស្តង់ដាកាបូនស្ម័គ្រចិត្ត Verified Carbon Standard (VCS) និងស្តង់ដារអាកាសធាតុសហគមន៍ និងជីវចម្រុះ (Climate Community and Biodiversity Standard, CCB)។ ដើម្បីចូលរួមដោះស្រាយបញ្ហាបាត់បង់ និងការរេចរឹលព្រៃឈើ ជាពិសេសការលើកកម្ពស់ជីវភាពរបស់សមាជិកសហគមន៌ព្រៃឈើទាំង ១៤ គម្រោងបាននិងកំពុងអនុវត្តកម្មវិធីជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ផងដែរ។
គិតត្រឹមខែឧសភា ឆ្នាំ២០២១ គម្រោងបានប្រើប្រាស់ថវិកាអស់ចំនួន ៥៨៣ ៤១៦ដុល្លារ ស្មើ នឹង ៩៧%។ ជាលទ្ធផលគម្រោងបានទទួលជោគជ័យក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់បានចំនួន ៦៤៥ ៤១០តោន សមមូលឧស្ម័នកាបូនិច ក្នុងរយៈពេលផ្ទៀតផ្ទាត់ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៩។
ឥណទានទាំងនេះនឹងដាក់លក់នៅលើទីផ្សារកាបូនស្ម័គ្រចិត្ត ហើយមូលនិធិដែលទទួលពីការលក់ឥណទាននេះ នឹងយកទៅប្រើប្រាស់សម្រាប់បម្រើឲ្យសកម្មភាពគ្រប់គ្រងព្រៃឈើ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសមាជិកសហគមន៍ព្រៃឈើ និងគាំទ្រដល់សកម្មភាពគម្រោងឲ្យដំណើរការប្រកបដោយនិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។