ឆេះរោងចក្រគីមីនៅថៃ ពលរដ្ឋមិនទាន់ហានវិលត្រឡប់ទៅផ្ទះវិញឡើយខ្លាចប៉ះពាល់
រោងចក្រគីមីនៅថៃបានឆាប់ឆេះ យ៉ាងខ្លាំង ហើយពេលនេះស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង។ ប៉ុន្តែពលរដ្ឋមិនទាន់ហានវិលត្រឡប់ចូលផ្ទះវិញឡើយដោយបារម្ភ ខ្លាចសារធាតុគីមីសាយភាយនៅជុំវិញរោងចក្រប៉ះពាល់ដល់សុខភាព ។
សារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ បានផ្សាយថា ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះដ៏សម្បើមមួយនៅឯរោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលអស់ ២៦ម៉ោង។ ប៉ុន្តែប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីទួលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឱ្យត្រឡប់មកផ្ទះរបស់ពួកគេវិញនៅឡើយទេ។
ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទម្សិលមិញ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អាណ្តាតភ្លើង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬមានចម្ងាយ ៥គីឡូម៉ែត្រកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានា សុវត្ថិភាពទាំងស្រុងជាមុនសិន។
គួរបញ្ជាក់ថា បើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ផ្ទះយ៉ាងហោច ៧០ខ្នង និងយានយន្ត ១៥គ្រឿង ត្រូវការខូចខាតដោយសារហេតុការណ៍ផ្ទុះ នៅឯរោងចក្រ Ming Dih Chemical។ ចំណែកឯអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។