កម្ពុជាទិញក្តារមឈូសចំនួន៣ពាន់ពីប្រទេសថៃ សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩
បើតាមការបញ្ជាក់របស់លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ថា ក្តារមឈូសចំនួន ៣០០០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីប្រទេសថៃ សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរនៅតាមបណ្តាខេត្ត ទិញក្តារមឈូសមករក្សាទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីត្រៀមសម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជា ឬបញ្ចុះ ដែលជាការគោរពទៅដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ប្រធានគណៈកម្មការក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មព្រៃឈើ ឱ្យយកឈើដែលបានរឹបអូសពីបទល្មើស យកមកធ្វើជាក្តារមឈូសឱ្យបានរហ័ស ព្រោះពេលអ្នកជំងឺស្លាប់យកទៅបញ្ចុះសូម្បីតែមឈូសក៏គ្មាន ហើយយកទៅបូជាទាំងគ្មានមឈូសទៀត ដែលហាក់មិនគួរគប្បីចំពោះសព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។