ប្រទេស​ហៃ​ទី ធ្លាក់​ក្នុងស្ថានភាព​អសន្តិសុខ ក្រោយ​ប្រធានាធិបតី​រង​ការធ្វើឃាត​នៅក្នុង​ផ្ទះ​

​ពលរដ្ឋ​ហៃ​ទី​បារម្ភ​យ៉ាងខ្លាំង​ពី​សន្តិសុខ សុវត្ថិភាព ក្រោយបេល ប្រធានាធិបតី​ប្រទេស​នេះ​រង​ការធ្វើឃាត ។ ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ការវាយប្រហារ​ផ្ទះ​របស់​ប្រធានាធិបតី Jovenel Moise ទាំង​កណ្តាលយប់​ដោយបាន​សម្លាប់ ប្រធានាធិបតី។​

​ព័ត៌មាន​ខាងលើ​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ Claude Joseph ប្រកាស​នៅ​យប់​ថ្ងៃទី ៧​ខែកក្កដា ។ ចំណែក​ភរិយា​របស់​ប្រធានាធិបតី​ហៃ​ទី​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​រួចហើយ​។​

​ចំពោះមុខ​ស្ថានការណ៍​នេះ លោក Joseph បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​ភាពស្ងប់ស្ងាត់ កុំ​ចលាចល ដោយ​លោក​អះអាងថា កងកម្លាំង​ប៉ូលិស និង​យោធា​នឹង​ធានា​សន្តិសុខ​ជូន​ប្រទេសជាតិ​។​

​គួរ​បញ្ជាក់ថា ការធ្វើឃាត​ប្រធានាធិបតី​ហៃ​ទីនេះ​បាន​កើតមានឡើង ស្រប​ពេលដែល​ប្រទេស​ដ៏​ក្រីក្រ ជាប់​តំបន់​សមុទ្រ​ការី​បៀ​ន​មួយ​នេះ កំពុង​ជួប​ការកើនឡើង​នូវ​អំពើហិង្សា វិបត្តិ​ស្បៀងអាហារ និង​ភ័យខ្លាច​អំពី​ភាពចលាចល​ជា​រៀងរាល់ថ្ងៃ ព្រោះតែ​ការអូសបន្លាយ​នៃ​វិបត្តិ​នយោបាយ ព្រមទាំង​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ផងដែរ​។​

​លោក Jovenal Moise បានទទួល​មរណភាព​នៅ​អាយុ ៥៣​ឆ្នាំ ក្នុងនាម​ជា​ប្រធានាធិបតី​ទី ៥៨ របស់​ប្រទេស​ហៃ​ទី​។ អតីត​សហគ្រិន​រូបនេះ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ដំបូង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​ការទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦​។​កាលពី​អំឡុង​ឆ្នាំ​២០១៩ លោក​ក៏​ធ្លាប់​ត្រូវបាន​ក្រុមប្រឆាំង​ប៉ុនប៉ង ដើម្បី​ទម្លាក់​ចេញពី​តំណែង​ផងដែរ ប៉ុន្តែ​មិនបាន​សម្រេច​នោះឡើយ ហើយ​ចាប់តាំងពី​ពេលនោះ វិបត្តិ​នយោបាយ​ដ៏​ក្តៅគគុក ក៏បាន​អូសបន្លាយ​មក​ទល់នឹង​បច្ចុប្បន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close