៦​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា ទទួល​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​

​ខេត្តសៀមរាប​៖ យោងតាម​ទិ​និ្ន​ន័យ​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ បានបង្ហាញ​ពី​ការធ្លាក់ចុះ​នូវ​ចំណូល​ជិត ១០០​ភាគរយ​។

​តាម​តួរ​លេខ បង្ហាញថា ក្នុង​រយៈពេល​០៦​ខែ ឆ្នាំ​២០២១​នេះ គ្រឹះស្ថាន​អង្គរ បាន​លក់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ បាន​ចំនួន ៥,៣២៩​នាក់ ធ្លាក់ចុះ ៩៨.៦៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដោយ​ទទួលបាន​ចំណូល ២១៩,២១៨​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៩៨.៧៩​ភាគរយ​។​

​របាយការណ៍ ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ថវិកា​ចំណូល បាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ​ក្នុង​រយៈពេល​១​ខែមិថុនា ឆ្នាំ​២០២១ បាន​លក់​បណ្ណ​ជូន​ភ្ញៀវ​ចំនួន ៥៥៥​នាក់ ធ្លាក់ចុះ​៦៨.២៣​ភាគរយ បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំ​២០២០ ដោយ​ទទួលបាន​ចំណូល ២២,០១០​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៦៩.០៩​ភាគរយ​។​

​ក្នុង​ខែមិថុនា​នេះ​ផងដែរ គឺ​ថវិកា​ចំនួន ១,១១០​ដុល្លារ ត្រូវបាន​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា សម្រាប់​ជួយសង្គ្រោះ​ជីវិត និង​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា ហើយ​បើ​សរុប​ថវិកា​ទាំង​០៦​ខែ គឺមាន​ចំនួន ១០,៦៥៨​ដុល្លារ សម្រាប់​ឧ​ត្ថ​ម្ភ​មូលនិធិ មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close