កម្ពុជានឹងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋនៅត្រឹមខែវិច្ឆិកាខាងមុខ
លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងជាប្រធាន គ.វ.ក-១៩ បានថ្លែងកាលពីរសៀលថ្ងៃព្រហស្បត្តិម្សិលមិញថា ផែនការមេ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ (១០លាននាក់) ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ អាចនឹងត្រូវបិទបញ្ចប់មុនកាលកំណត់ ឬយ៉ាងយូបំផុតត្រឹមដើមខែវិច្ឆិកាចុងឆ្នាំ២០២១នេះ។
បើតាមលោកជំទាវថា មកទល់ពេលនេះយើងបានពង្រាយការចាក់វ៉ាក់សាំង ទៅតាមបណ្តាខេត្តចំនួន១៤ ហើយកំពុងដំណើរការចាក់វ៉ាក់សាំង ដែលមានដូចជា៖ ខេត្តកណ្តាល បន្ទាយមានជ័យ ព្រះសីហនុ កំពង់ស្ពឺ តាកែវ ប៉ៃលិន កោះកុង កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ បាត់ដំបង សៀមរាប និងព្រៃវែង។ ជាមួយគ្នានោះ នៅដំណាច់ខែកក្កដានេះ ការចាក់វ៉ាក់សាំង នឹងពង្រាយគ្រប់២៤ខេត្ត-ក្រុង ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះបណ្តាខេត្តមួយចំនួនដូចជាប៉ៃលិន និងព្រះសីហនុ ក៏ជិតបិទបញ្ចប់ជាបណ្តើរៗហើយដែរ ពោលគឺពួកគាត់រង់ចាំតែការចាក់លើកទីពីរប៉ុណ្ណោះ។
លោកជំទាវបន្តថា ប្រសិនបើវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ ទៅតាមផែនការលទ្ធកម្មនៃការបញ្ជាទិញរបស់រាជរដ្ឋាភិបាល មិនមានការប្រែប្រួលទេនោះ ត្រឹមខែសីហារខាងមុខនេះវ៉ាក់សាំង និងមកដល់ទាំងអស់ ក្នុងកម្រិតគោលដៅ១០លាននាក់។ ដូចនេះគ.វ.ក-១៩ បានរុញច្រានឲ្យការងារចាក់វ៉ាក់សាំងនេះ ឲ្យបានចប់រួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឬអាចសល់តិចតួចអាចយ៉ាងយូបំផុតនៅដើមខែវិច្ឆិកាខាងមុខ។
យោងតាមរបាយការណ៍ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបចំនួនជាង ៤លាន៧សែននាក់ ឬក៏ស្មើនឹងប្រមាណ ៤៧ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។