ទីក្រុងហូជីមិញ សម្រេច បិទខ្ទប់១៤ថ្ងៃទប់ស្កាត់ការឆ្លងកូវីដ ១៩
ទីក្រុងហូជិមិញ មានករណីឆ្លងកូវិដ១៩ កើនឡើងជារៀងរាល់ថ្ងៃ ។ ទីក្រុងនេះមានពលរដ្ឋច្រើនជាងគេបង្អស់ ក្នុងចំណោមទីក្រុងធំៗនៅក្នុងប្រទេសវៀតណាមពិបាកនៅក្នុងការទប់ស្កាត់ប្រសិនបើមិនបិទនោះទេ។
ចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះទៅ ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេលចំនួន ២សប្តាហ៍ បន្ទាប់ពីករណីឆ្លង COVID-19 សរុប៨,០០០ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងនេះ កំលុងរលងឆ្លងរាតត្បាតថ្មីចុងក្រោយគេ ដែលកំពុងរាលដាលនៅវៀតណាម។
ប្រជាជននៅទីក្រុងហូជីមិញ នឹងត្រូវអនុញ្ញាតឲ្យចេញពីផ្ទះ ដើម្បីតែទៅទិញស្បៀងអាហារ ឬថ្នាំពេទ្យប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងប្រទេសវៀតណាម។ មកទល់ពេលនេះ ខេត្ត-ក្រុងចំនួន ១០របស់វៀតណាម បានផ្អាកបណ្តាញតភ្ជាប់ផ្លូវអាកាសរបស់ពួកគេជាមួយ ទីក្រុងហូជីមិញ ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ប្រជាជនបាននាំគ្នាសម្រុកទិញរបស់របរស្តុកទុក ស្របពេលផ្សារលក់ទំនិញបោះដុំធំៗចំនួន ៣ នៅហូជីមិញត្រូវបិទទ្វារ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ វៀតណាមមានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុប ២៣,០៧១នាក់ ក្នុងនោះមាន ៩៧នាក់ស្លាប់។ បើតាមក្រសួងសុខាភិបាលវៀតណាម ប្រទេសដែលមានប្រជាជនជិត ១០០លាននាក់នេះ ទើបសម្រេចបានការចាក់វ៉ាក់សាំងក្រោម ៤លានដូសប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។