ទីក្រុង​តូ​ក្យូ ស្ថិតនៅក្នុង​ភាពអាសន្ន ក្នុងពេល​ប្រកួត​កីឡា​អូឡាំពិក​

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​Suga Yoshihide បានអនុម័ត លើ​សេចក្តីសម្រេច ប្រកាសអាសន្ន​បន្ទាន់​នៅ​ទីក្រុង​តូ​ក្យូ ដែលជា​ការប្រកាសអាសន្ន​លើក​ទី​៤​ហើយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វិដ​១៩​។ ជាមួយគ្នានេះដែរ​ក៏បាន​ពន្យា​ពេល​ស្ថានភាព​អាសន្ន​នៅ​ខេត្ត​អូ​គី​ណា​វ៉ា​ជា​បន្តទៀត​។​

​សារព័ត៌មាន NHK នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែកក្កដា ឆ្នាំ​២០២១​បាន​ផសាយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៉ី​ហ៉ី​ដេ ស៊ូ​ហ្គា បានប្រកាសថា ទីក្រុង​តូ​ក្យូ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្រោម​វិធានការ​រឹតត្បិត​មួយចំនួន​ស្រាប់ នឹងត្រូវ​ដាក់​ទៅក្នុង​ភាពអាសន្ន​តែម្តង​។ រយៈពេល​នៃ​ការដាក់​ក្នុង​ភាពអាសន្ន​នេះ មានន័យថា ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ នឹងធ្វើ​ឡើង កំលុងពេល​ទីក្រុង​តូ​ក្យូ​ស្ថិតក្រោម​ភាពអាសន្ន​ពី​ដើម​រហូតដល់​ចប់​។ ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា រហូតដល់​ថ្ងៃទី​០៨ ខែសីហា បន្ទាប់ពី​វា​ត្រូវ​លើក​ពេល​មួយឆ្នាំ កាលពី​ឆ្នាំ​២០២០ ក៏​ដោយសារតែ​បញ្ហា COVID-19​។​

​គួរ​បញ្ជាក់ថា ជាមួយគ្នានេះ ការដាក់​ភាពអាសន្ន​នៃ​ខេត្ត​អូ​គី​ណា​វ៉ា នៅ​ភាគខាងត្បូង និង​វិធានការ​រឹតត្បិត​នៅ​ខេត្ត​ចំនួន​៣​ទៀត ជាប់​ទីក្រុង​តូ​ក្យ គឺ​ខេត្ត​កា​ណាហ្គា​វ៉ា ឈី​បា និង​សៃ​តា​ម៉ា ព្រមទាំង​ខេត្ត​អូ​សា​កា ក៏​នឹងត្រូវ​បន្ត​ដល់​ពាក់កណ្តាល​ខែសីហា​ផងដែរ​។ ដោយឡែក វិធានការ​រឹតត្បិត​នៅ​ខេត្ត​ហុក​កៃ​ដូ អៃ​ឈី ក្យូ​តូ ហ៉ី​យូ​ហ្គោ និង​ហ្វ៊ូ​គូ​អូ​កា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ តាម​ការគ្រោងទុក​ជាធ​ម្ម​តា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close